ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់៖ ថ្នាក់ដឹកនាំណាតូ នឹងពិភាក្សាគ្នាពីព័ត៌មាន មិនពិតរបស់រុស្ស៊ី និងបញ្ហាចិន

បរទេស៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា មេដឹកនាំនៃប្រទេសសមាជិកណាតូ នឹងពិភាក្សាគ្នាពីប្រធានបទនានា ដែលរួមមានទាំងភាពលំបាក បង្កឡើងដោយរុស្ស៊ីនិងចិន នៅជំនួបកំពូលក្នុងទីក្រុងព្រួចសែល បង្ហាញពីតម្រូវការចាំបាច់ ដើម្បីឆ្លើយតបចំពោះយុទ្ធនាការ ព័ត៌មានមិនពិតរបស់រុស្ស៊ី។

នៅពេលធ្វើដំណើរទៅ ដល់ជំនួបកំពូល លោកស្រី Angela Merkel បានមានថ្លែងថា មេដឹកនាំនានា ក៏នឹងពិភាក្សាគ្នាពីវិធីដែលពួកគេអាច ធ្វើការងារជាមួយហ្សកហ្ស៊ី និងអ៊ុយក្រែន ដែលប្រទេសទាំងពីរនេះ កំពុងស្វះស្វែងរកចំណង មិត្តភាពកាន់តែជិតស្និទ្ធឡើង ជាមួយណាតូ ជាកម្លាំងទប់ទល់នឹងការគម្រាមកំហែងពីរុស្ស៊ី។

លោកស្រីអធិការបតីអាល្លឺម៉ង់រូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “បញ្ហានានានៅលើរបៀបវារៈនៅក្នុងថ្ងៃនេះ ពាក់ព័ន្ធនឹងយើងទាំងអស់គ្នា ជាដំបូងបំផុតនោះ ភាពលំបាកដែលយើងកំពុងប្រឈមមុខ គឺប្រទេសរុស្ស៊ី ប៉ុន្តែក៏រួមទំាងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាមួយប្រទេសចិន ក្នុងដំណើរបង្កើនវិធានការ”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រីបានបន្ថែមទៀតថា “បញ្ហាប្រឈមចំនួនពីរ កំពុងតែក្លាយជាសំខាន់ខ្លំាងឡើង គឺការវាយប្រហារតាមអ៊ីនធឺណេត និងជាពិសេសគឺពាក់ព័ន្ធជាមួយរុស្ស៊ី គឺការផ្សព្វផ្សាយព័ត៌មានមិនពិត” ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top