Covid-19

ក្រុមប្រទេស G7 ប្តេជ្ញាផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន ១ពាន់លានដូស ដល់បណ្ដាប្រទេសក្រីក្របំផុត និងស្នើឲ្យស៊ើបអង្កេតប្រភពមេរោគ

បរទេស៖ មេដឹកនាំនៃក្រុមប្រទេស G7 បានចេញនូវសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយប្តេជ្ញាផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន ១ពាន់លានដូស នៅទូទាំងពិភពលោក និងស្នើឲ្យមានការស៊ើបអង្កេតជាថ្មី ចំពោះប្រភពនៃមេរោគកូរ៉ូណា។

ក្រុមប្រទេស G7 បាននិយាយថា ពួកគេនឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន ១ពាន់លានដូស នៅឆ្នាំក្រោយនេះ ហើយនឹងធ្វើការងារជាមួយវិស័យឯកជន G20 និងប្រទេសដទៃទៀត ដើម្បីបង្កើនការចូលរួមចំណែក បរិច្ចាគនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ។

តាមសេចក្តីរាយការណ៍ ក្រុមប្រទេស G7 បានសរសេរថា “ការទទួលស្គាល់ថា ការបញ្ចប់ការរាតត្បាតជម្ងឺនៅក្នុងឆ្នាំ២០២២ នឹងតម្រូវឲ្យដាក់ថ្នាំវ៉ាក់សាំងយ៉ាងតិចបំផុត ៦០ភាគរយ នៃចំនួនប្រជាជនលើពិភពលោកនោះ យើងត្រូវតែបង្កើតវិធានការរបស់យើង ដើម្បីសង្គ្រោះជីវិត”។

“អាទិភាពអន្តរជាតិរបស់យើង គឺដើម្បីពន្លឿនការផ្តល់ថ្នាំវ៉ាក់សាំង ដ៏មានសុវត្ថិភាពនិងប្រសិទ្ធភាព អាចទិញបាន និងមានតម្លៃសមរម្យ សម្រាប់ប្រទេសក្រីក្របំផុត ដោយកត់សម្គាល់ពីតួនាទីនៃ ការបង្ការរោគដ៏ទូលំទូលាយ ថាជាគុណប្រយោជន៍ សាធារណៈលើពិភពលោក” ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top