បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ នឹងបញ្ចប់ដំណើរទស្សនកិច្ច នៅបរទេសដំបូងរបស់លោក ក្នុងនាមជាប្រធានាធិបតី នៅក្នុងថ្ងៃពុធនេះ ជាមួយជំនួបកំពូលមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ស្របពេលមានភាពតានតឹងកើនឡើង រវាងប្រទេសទាំងពីរ។
ជំនួបកំពូលនេះ នឹងត្រូវធ្វើឡើងវិមាន Swiss Villa La Grange នៅតាមតំបន់ឆ្នេរនៃបឹងទីក្រុងហ្សឺណែវមួយ ជិតព្រំដែនបារាំង ជាទីដែលលោក បៃដិន ត្រូវបានគេរំពឹងថា នឹងលើកឡើងពីបញ្ហាអរិភាព មួយចំនួនជាមួយលោក ពូទីន ដែលរួមមានទាំងការវាយប្រហារ តាមអ៊ីនធឺណេតរុស្ស៊ីទៅលើសហរដ្ឋអាមេរិក ការជ្រៀតជ្រែកក្នុងដំណើរបោះឆ្នោត ការឃុំខ្លួនមេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny និងក្តីព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សដទៃទៀត។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ជំនួបកំពូលរបស់មេដឹកនាំទាំងពីរ គ្រោងចាប់ផ្តើមនៅម៉ោងប្រហែល ១និង៣០នាទីរសៀល ក្នុងទីក្រុងហ្សឺណែវ នាថ្ងៃពុធនេះ ហើយមន្ត្រីនានា បាននិយាយថា លោកទាំងពីរនឹងនិយាយ ទៅកាន់អ្នកសារព័ត៌មាន ក្រោយជំនួបកំពូលនោះ។
គួរបញ្ជាក់ថា លោក បៃដិន បាននិយាយនៅក្នុងខែមេសាថា លោកចង់បានចំណងមិត្តភាព ស្ថិតថេរជាមួយរុស្ស៊ី ប៉ុន្តែបានព្រមានថា រដ្ឋបាលរបស់លោក នឹងមិននៅស្ងៀមទេ ប្រសិនបើវិមានក្រឹមឡាំង បន្តធ្វើការជ្រៀតជ្រែកជាមួយនឹង លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ៕
ប្រែសម្រួល៖ ប៉ាង កុង
