ព័ត៌មានអន្តរជាតិ

ប្រេសិតអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង នឹងធ្វើទស្សនកិច្ចកូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំត្រីភាគី

បរទេស៖ ប្រសិតអាមេរិកទទួលបន្ទុក កិច្ចការកូរ៉េខាងជើង ដែលទើបតែងតំាងថ្មីៗនេះ លោក Sung Kim នឹងធ្វើដំណើរទស្សនកិច្ចដំបូងរបស់លោក ទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅសប្ដាហ៍នេះ សម្រាប់កិច្ចប្រជុំត្រីភាគីមួយ ជាមួយសមភាគីមកពីទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ នេះបើតាមការចេញផ្សាយ របស់កាសែតជប៉ុន Kyodo នៅថ្ងៃពុធនេះ។

ដំណើរទស្សនកិច្ច ដែលនឹងប្រព្រឹត្តទៅពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃទី២៤ ខែមិថុនានេះ គឺត្រូវបានធ្វើឡើងក្រោយ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន បានប្រារព្ធធ្វើជំនួបកំពូលដំបូងមួយ កាលពីខែឧសភា ដាក់បញ្ចូលភាពបន្ទាន់ថ្មីចូលទៅក្នុង កិច្ចប្រឹងប្រែងឲ្យកូរ៉េខាងជើងចូលរួមពិភាក្សាគ្នា ស្តីពីអាវុធនុយក្លេអ៊ែ។

លោក Takehiro Funakoshi ជាអគ្គនាយកការិយាល័យកិច្ចការអាស៊ី និងដែនសមុទ្ររបស់ក្រសួងការបរទេសជប៉ុន ក៏ដូចជាលោក Noh Kyu-duk ជាតំណាងពិសេសសម្រាប់សន្តិភាព និងកិច្ចការសន្តិសុខឧបទ្វីបកូរ៉េ របស់ក្រសួងការបរទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នឹងចូលរួមនៅក្នុងកិច្ចប្រជុំនោះ។

គួរបញ្ជាក់ថា លោក Sung Kim ដែលត្រូវលោក បៃដិន តែងតាំងកាលពីខែមុន គឺជាមន្ត្រីការទូតកូរ៉េ-អាមេរិកមួយរូប ដែលមានតួនាទីដូចគ្នានៅក្រោមការ ដឹកនាំរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងបានជួយបង្កើតជំនួបកំពូលរបស់ អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top