ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន អំពាវនាវ ឲ្យមានការគោរព ពេញលេញ លើបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស

យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវ ឱ្យមានការគោរព ពេញលេញ នៃបទឈប់បាញ់គ្នា ដែលបានឯកភាព រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដឹកនាំ ដោយចលនា តស៊ូអ៊ីស្លាម (ហាម៉ាស) នៅថ្ងៃទី ២០ ខែឧសភា។

ឆ្លើយតបទៅ នឹងសំណួរអំពីប្រតិកម្ម របស់អគ្គលេខាធិការ ចំពោះអំពើហិង្សា ដែលកំពុងកើនឡើង នៅថ្ងៃអង្គារកន្លងទៅនេះ លោក Farhan Haq អ្នកនាំពាក្យរងអគ្គលេខាធិការបានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃមួយថា អគ្គលេខាធិការ “បង្ហាញការព្រួយបារម្ភ ចំពោះអំពើហឹង្សាថ្មីៗបំផុត” ។

លោក Haq បានបន្ថែមទៀតថា លោកអគ្គលេខាធិការ “ចង់ឃើញការបញ្ឈប់ នៃអរិភាពត្រូវបានរក្សា និងបង្រួបបង្រួម ដើម្បីផ្តល់កន្លែងទំនេរ សម្រាប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើការរៀបចំ ដើម្បីធ្វើឱ្យស្ថានការណ៍ មានស្ថេរភាព” ។

កងទ័ពអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានធ្វើការវាយប្រហារ តាមអាកាស លើកដំបូង នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីបទឈប់បាញ់ បានបញ្ចប់ការប្រយុទ្ធរបស់ខ្លួន ជាមួយមេដឹកនាំហាម៉ាស នៅតំបន់ហ្គាហ្សា កាលពីខែឧសភា។

អ្នកនាំពាក្យយោធា អ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការវាយប្រហារមួយ យប់យន្តហោះចម្បាំង របស់អ៊ីស្រាអែល បានវាយប្រហារទៅលើសមាស ធាតុយោធា ដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស នៅក្នុងទីក្រុងខាន់យូនីស នៅភាគខាងត្បូងតំបន់ ហ្គាហ្សាស្ទ្រីប។

សេចក្តីថ្លែងការណ៍បានចោទ ប្រកាន់ក្រុមហាម៉ាសថា ជាអ្នកទទួលខុសត្រូវ ចំពោះរាល់ព្រឹត្តិការណ៍នានា ដែលកើតឡើង នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយបានព្រមានថា ក្រុមនេះនឹងទទួល នូវផលវិបាក ចំពោះសកម្មភាពរបស់ខ្លួន ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top