ព័ត៌មានអន្តរជាតិ

អាមេរិក-រុស្ស៊ី បើកកិច្ចពិភាក្សាស្ថេរភាព ប៉ុន្ដែនៅខ្វែងគំនិតគ្នាលើបញ្ហាសិទ្ធិមនុស្ស

ហ្សឺណែវ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធបានឯកភាពគ្នាបើកកិច្ចពិភាក្សា “ស្ថេរភាព” មួយ ដែលមេដឹកនាំទាំងពីរលើកឡើងថា នឹងនាំទៅដល់ការគ្រប់គ្រងអាវុធនាពេលអនាគត ប៉ុន្តែនៅតែផ្ទុយពីជំហរលើបញ្ហាសិទ្ធិមនុស្ស និងបញ្ហាផ្សេងទៀត។

មេដឹកនាំទាំងពីរបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហ្សឺណែវថា សហរដ្ឋអាមេរិក និងរុស្ស៊ី នឹងចាប់ផ្តើមរួមគ្នានូវកិច្ចពិភាក្សាស្ថេរភាពយុទ្ធសាស្ត្រទ្វេភាគីនាពេលអនាគត។ តាមរយៈការសន្ទនានេះ យើងស្វែងរកមូលដ្ឋានគ្រឹះ សម្រាប់ការគ្រប់គ្រងអាវុធ និងវិធានការកាត់បន្ថយហានិភ័យនាពេលអនាគត។

សេចក្តីថ្លែងការណ៍ក៏បានឲ្យដឹងផងដែរថា មេដឹកនាំទាំងពីរ បានបញ្ជាក់ជាថ្មីថា សង្គ្រាមនុយក្លេអ៊ែរ “មិនអាចឈ្នះបាននោះទេ ហើយមិនដែលត្រូវប្រយុទ្ធ” ដែលជាគោលការណ៍ ដែលមានចាប់តាំងពីឆ្នាំ១៩៨៥ ។

លោក បៃដិន បានជួបលោកពូទីន ជាលើកដំបូងចាប់តាំងពីលោកបានចូលកាន់តំណែង កាលពីខែមករា ក្នុងគោលបំណងដើម្បីកសាងនូវទំនាក់ទំនងប្រកបដោយស្ថេរភាព និងអាចព្យាករណ៍បាន ជាមួយទីក្រុងមូស្គូ នៅពេលទីក្រុងវ៉ាស៊ីនតោន បង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិន ដែលកំពុងកើនឡើង។

ប៉ុន្តែកិច្ចប្រជុំនេះ មិនបានបង្កើតនូវរបកគំហើញដ៏សំខាន់នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរដែលកាន់តែយ៉ាប់យ៉ឺនដល់ចំណុចទាបបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទេ បន្ទាប់ពីការបញ្ចូលតំបន់គ្រីមៀរបស់ម៉ូស្គូ ពីអ៊ុយក្រែន ក្នុងឆ្នាំ២០១៤ ដែលត្រូវបានចោទប្រកាន់ថា បានជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក និងសង្ស័យការបំពុល និងចាប់ដាក់គុកអ្នករិះគន់លោកពូទីន គឺលោក Alexei Navalny ។

ថ្មីៗនេះវិស័យថាមពលសហរដ្ឋអាមេរិក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតត្រូវបាន វាយប្រហារដោយការវាយប្រហារតាមអ៊ីធឺណិត ដោយតួអង្គដែលជឿជាក់ថា មានមូលដ្ឋាននៅប្រទេសរុស្ស៊ី។

លោក បៃដិន បានទៅដល់ប្រទេសស្វីសក្នុងដំណើរចុងក្រោយនៃដំណើរទស្សនកិច្ចរយៈ ពេលមួយសប្តាហ៍របស់លោកនៅអឺរ៉ុប ក្នុងកំឡុងពេលដែលលោក បានចូលរួមជាមួយមេដឹកនាំដទៃទៀតនៃ ក្រុមប្រទេសឧស្សាហកម្មទាំង ៧ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង និងសហភាពអ៊ឺរ៉ុបដើម្បីបង្ហាញសាមគ្គីភាពក្នុងចំណោមលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងអ្វីដែលមេដឹកនាំអាមេរិក ដាក់ស្លាកកំណត់លើស្វ័យភាព ដូចជារុស្ស៊ី និងចិន៕

ដោយ ឈូក បូរ៉ា

To Top