ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ផ្តល់ប្រាក់ ៩សែនដុល្លារ ក្នុងជំនួយយូអិន សម្រាប់មីយ៉ានម៉ា

បរទេស៖ ទិន្នន័យអង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានផ្តល់ប្រាក់ចំនួន ៩០០.០០០ដុល្លារ ឲ្យដល់មូលនិធិជំនួយមនុស្សធម៌ ដឹកនាំដោយអង្គការសហប្រជាជាតិ សម្រាប់ប្រទេសមីយ៉ានម៉ា។

មន្ត្រីនាំពាក្យមួយរូបឲ្យការិយាល័យ សម្របសម្រួលកិច្ចការមនុស្សធម៌ អង្គការសហប្រជាជាតិ ហៅកាត់ថា OCHA បាននិយាយថា ទិន្នន័យពីមុនលើសេវាកម្ម តាមដានហិរញ្ញវត្ថុរបស់ខ្លួនបង្ហាញ ពីការចូលរួមចំនួន ៣០០.០០០ដុល្លារ ធ្វើឡើងដោយកូរ៉េខាងជើងនោះ គឺខុសទេ ហើយវាត្រូវបានកែតម្រូវឡើងវិញហើយ។

ការចូលរួមបរិច្ចាគនៅថ្ងៃទី២៤ ខែឧសភា ដល់មូលនិធិមនុស្សធម៌សម្រាប់មីយ៉ានម៉ា គឺត្រូវបានធ្វើឡើងពីប្រទេសកូរ៉េខាងត្បូង បន្ថែមទៅលើការបរិច្ចាគផ្សេងគ្នា មានចំនួនទឹកប្រាក់៦០០.០០០ដុល្លារ នេះបើតាមសម្តីរបស់ប្រធានទំនាក់ទំនង នៅអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការិយាល័យនោះ គឺលោក Pierre Peron បានមានប្រសាសន៍។

គួរបញ្ចាក់ថា មូលនិធិនេះ ស្នើសុំប្រាក់ចំនួន ២៧៦លានដុល្លារ ដើម្បីជួយប្រទេសមីយ៉ានម៉ា ជាទីដែលមានមនុស្សរាប់រយនាក់ បានស្លាប់ចាប់តាំងពីយោធាបានផ្តួលរំលំ រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីខែកុម្ភៈមក និងបានចាប់ផ្តើមការបង្ក្រាបខ្លាំងក្លា ទៅលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ជាការបន្ថែមភាពលំបាកដោយសារតែ ការរាតត្បាតនៃជម្ងឺកូវីដ១៩ ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top