ព័ត៌មានអន្តរជាតិ

អឺរ៉ុប ដាក់ដំណើរការផែនការសកម្មភាព ខណៈទំនាក់ទំនងជាមួយរុស្ស៊ី ធ្លាក់ក្នុងកម្រិតទាបបំផុត គួរឲ្យព្រួយបារម្ភ

ព្រុចសែល៖ លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់សហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានឲ្យដឹងថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងសហភាពអ៊ឺរ៉ុប ស្ថិតនៅក្នុងកម្រិតមួយទាបបំផុត ហើយភាពជាដៃគូថ្មី ដែលអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ គឺជា“ ទស្សនវិស័យវែងឆ្ងាយ” ។

លោកបានលើកឡើងថា ខណៈពេលដែលប្រទេសរុស្ស៊ី នៅតែជាប្រទេសជិតខាងធំបំផុត របស់សហភាពអឺរ៉ុប និងជាតួអង្គពិភពលោកដ៏សំខាន់“ ជម្រើសគោលនយោបាយ ដោយចេតនានិងសកម្មភាពឈ្លានពាន របស់រដ្ឋាភិបាលរុស្ស៊ីក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កើតឱ្យមានទម្រង់អវិជ្ជមាន” នៅក្នុងទំនាក់ទំនង។ លោកបានបន្ថែមថា ការធ្លាក់ចុះនៃទំនាក់ទំនងដែលមាន“ នៅកម្រិតទាបបំផុត គឺជា ទស្សនវិស័យ ដែលទំនងបំផុត សម្រាប់ពេលបច្ចុប្បន្ននេះ” ។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយ នៅពេលលោកបានចាប់ផ្តើមផែនការ សកម្មភាពរបស់ប្លុកនៅក្នុងបញ្ហានេះថា “មហិច្ឆតារបស់យើងគួរតែស្វែងរកផ្លូវ ដែលអាចជួយផ្លាស់ប្តូរសក្ដានុពលបច្ចុប្បន្ន ទៅជាទំនាក់ទំនងដែលអាចព្យាករណ៍បាន និងមានស្ថេរភាពជាងមុន។ សហភាពអឺរ៉ុប នឹងដកការរឹតត្បិត និងចូលរួមជាមួយរុស្ស៊ី ដោយផ្អែកលើការយល់ដឹងរួមដ៏រឹងមាំ អំពីគោលបំណង និងវិធីសាស្រ្ត។

ដើម្បីបន្ថែមផលប្រយោជន៍ ផ្ទាល់ខ្លួនសហភាពអឺរ៉ុប គួរតែចូលរួមជាមួយរុស្ស៊ី លើបញ្ហាប្រឈមសំខាន់ៗមួយចំនួន។ សហភាពអ៊ឺរ៉ុប បានឲ្យដឹងនៅក្នុងការប្រាស្រ័យ ទាក់ទងរួមគ្នាមួយ ដែលត្រូវបានអនុម័ត នៅថ្ងៃពុធម្សិលមិញនេះថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្ហាញនូវការចាប់អារម្មណ៍ជាទូទៅ សម្រាប់ការចូលរួមក្នុងន័យស្ថាបនា នៅក្នុងសុខភាពសាធារណៈ។

លោក Borrell បានបន្ថែមថា “នេះគឺជាក្របខ័ណ្ឌនៃសកម្មភាព។ វាអាស្រ័យលើឆន្ទៈនយោបាយ ដើម្បីអនុវត្តវា ប៉ុន្តែវាល្អណាស់ប្រសិនបើយើង អាចមានការគាំទ្រជាឯកច្ឆន្ទ ពីក្រុមប្រឹក្សាសហភាពអឺរ៉ុបស្ថាប័នអឺរ៉ុប និងរដ្ឋជាសមាជិក” ។

ទំនាក់ទំនងអឺរ៉ុប-រុស្ស៊ី បានឈានដល់កម្រិតទាបថ្មីមួយ បន្ទាប់ពីប្លុករដ្ឋទាំង ២៧ បានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ជុំវិញការចាប់ខ្លួនលោក Alexei Navalny អ្នករិះគន់វិមានក្រឹមឡាំង។ ទីក្រុងមូស្គូ បានវាយបកទៅវិញដោយ អះអាងថាករណីនេះ គឺជារឿងក្នុងស្រុកសុទ្ធសាធ ហើយអន្តរាគមន៍បរទេសមិនត្រូវ បានអនុញ្ញាតនោះទេ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top