ព័ត៌មានអន្តរជាតិ

សមាជិកសភា មកពីបក្សសាធារណរដ្ឋ ចំនួន ៥៦នាក់ ចុះហត្ថលេខា លើញត្តិដាក់ទៅ ប្រធានាធិបតី ឱ្យដកតំណែង អនុប្រធានាធិបតី ពីអ្នកទទួលខុសត្រូវ កិច្ចការព្រំដែន

បរទេស៖ សមាជិកសភាសាធារណរដ្ឋ (GOP) ចំនួន ៥៦ នាក់ បាននាំគ្នាចុះហត្ថលេខា លើញត្តិមួយកាលពីថ្ងៃសុក្រ ដោយជំរុញ ឱ្យប្រធានាធិបតីអាមេរិក លោក Joe Biden តែងតាំងមន្រ្តីម្នាក់ទៀត ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយស្ថានភាព ជនអន្តោប្រវេសន៍ នៅតាមព្រំដែន និងបានចោទប្រកាន់ អនុប្រធានាធិបតី និងជាអ្នកដឹកនាំគោលនយោបាយ ព្រំដែន គឺលោកស្រី Kamala Harris ថាមិនបានឆ្លើយតប ត្រឹមត្រូវចំពោះ វិបត្តិព្រំដែននេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា សមាជិករបស់ GOP បានកត់សម្គាល់ថា ក្នុងរយៈពេល ៨៥ ថ្ងៃ ចាប់តាំងពីលោកស្រី Harris ត្រូវបានតែងតាំងសម្រាប់ «ដោះស្រាយវិបត្តិនេះ លោកស្រី មិនទាន់បាន ទៅមើលព្រំដែន និងជួបជាមួយភ្នាក់ងារល្បាតព្រំដែន, មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ រួមទាំងមន្ត្រីអនុវត្តច្បាប់ ក្នុងស្រុក ម្តងណាទេ»។

ញត្តិនោះបានសរសេរថា « ទោះបីស្ថិតក្នុងពេលមានវិបត្តិព្រំដែន ដែលប្រទេសនេះមិនបានឃើញ ឬជួប ក្នុងរយៈពេលពីរទសវត្សរ៍ក៏ដោយ ក៏អនុប្រធានាធិបតី លោកស្រី Harris មិនទាន់បង្ហាញ ចំណាប់អារម្មណ៍គ្រប់គ្រាន់ ក្នុងការសង្កេតមើលវិបត្តិនេះ ដោយផ្ទាល់ដៃនៅឡើយទេ» ។

លោកស្រីហារីស ក៏បានទទួលប្រតិកម្មរិះគន់ម្តងទៀត ចំពោះការស្ទាក់ស្ទើរ ក្នុងការមកមើលព្រំដែន ជួបជាមួយភ្នាក់ងារព្រំដែន និង “ ស្វែងយល់អំពីទស្សនៈ និងការសង្កេតរបស់ពួកគេ អំពីដើមកំណើត និងការលើកទឹកចិត្ត របស់ប្រជាជនរាប់ពាន់នាក់ ដែលមកទីនេះ ជារៀងរាល់ថ្ងៃ»៕ ប្រែសម្រួលៈ ណៃ តុលា

To Top