បរទេស៖ កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បានសម្តែងការស្វាគមន៍ចំពោះថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន២,៥លានដូសពីសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យនេះ ថាជាជំនួយពីមិត្តពិតប្រាកដ ស្របពេលកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ កំពុងតែធ្វើការដោះស្រាយជាមួយការឆ្លងជម្ងឺកូវិដ១៩ជាចង្កោមនៅក្នុងស្រុក។
ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងតែប្រជែងជាមួយទីក្រុងប៉េកាំង ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅដល់ភូមិសាស្ត្រនយោបាយ តាមរយៈការទូតថ្នាំវ៉ាក់សាំងនោះ កាលដើមឡើយ បានសន្យាផ្តល់ថ្នាំវ៉ាក់សាំងចំនួន៧៥០.០០០ដូស ប៉ុន្តែបានបង្កើនចំនួននោះ ស្របពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជំរុញការសន្យារបស់ខ្លួន ឲ្យបញ្ជូនថ្នាំវ៉ាក់សំាងផលិតដោយអាមេរិកចំនួន៨០លានដូស ទៅជុំវិញពិភពលោក។
យន្តហោះដឹកទំនិញ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ China Airlines មួយគ្រឿង ដែលដឹកថ្នាំវ៉ាក់សំាងនោះ បានចុះចតនៅអាកាសយានដ្ឋាន Taoyuan ស្ថិតនៅខាងក្រៅទីក្រុងតៃប៉ិ នារសៀលថ្ងៃនេះ ត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីសុខាភិបាល លោក Chen Shih-chung និងមន្ត្រីការទូតជាន់ខ្ពស់អាមេរិកប្រចាំនៅតៃវ៉ាន់ គឺលោក Brent Christensen។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News បានឲ្យដឹងថា ថ្លែងចេញពីការិយាល័យរបស់លោកស្រី នៅក្នុងសេចក្តីអត្ថាធិប្បាយមួយ ក្រោយការមកដល់នៃថ្នាំវ៉ាក់សាំង Moderna Inc នោះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានសម្តែងនូវការដឹកគុណដោយស្មោះរបស់លោកស្រី៕
ប្រែសម្រួល៖ប៉ាង កុង