ព័ត៌មានអន្តរជាតិ

រុស្ស៊ីជំរុញឲ្យមានភាពជាក់ស្តែង ស្របពេលដែលកិច្ចពិភាក្សា ពីទណ្ឌកម្មអាមេរិកថ្មី មកតាមក្រោយជំនួបកំពូល

បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃចន្ទនេះថា ជំនួបកំពូលដ៏មានអំណោយផលមួយ រវាងលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន កាលលពីសប្ដាហ៍មុន មិនបានបញ្ឈប់ទីក្រុងវ៉ាស៊ីនតោន ពីការព្យាយាមទប់ទល់នឹងរុស្ស៊ីទេ និងថា ការមានចំណងមិត្តភាពដ៏ច្បាស់លាស់ គឺមានសារៈសំខាន់ខ្លាំងបំផុត។

ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក កំពុងតែត្រៀមរៀបចំកញ្ចប់ទណ្ឌកម្មមួយទៀត ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុគីមីពុល ទៅលើពលរដ្ឋម្នាក់ក្នុងចំណោម ពលរដ្ឋពួកគេនៅទឹកដីរុស្ស៊ី។

អ្នករិះគន់ចំពោះវិមានក្រឹមឡាំង លោក Alexei Navalny ត្រូវបានគេបញ្ជូនតាមយន្តហោះ ទៅកាន់ប្រទេសអាល្លឺម៉ង់ កាលពីខែសីហាឆ្នាំមិញនេះ ក្រោយត្រូវបំពុលជាមួយអ្វីដែល វេជ្ជបណ្ឌិតអាល្លឺម៉ង់និយាយថា សារធាតុពុលថ្នាក់យោធាសម័យសូវៀត ឈ្មោះ Novichok ប៉ុន្តែអាជ្ញាធររុស្ស៊ី បានធ្វើការបដិសេធថា មិនបានធ្វើខុសឆ្គងណាមួយនោះទេ។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ថា ជំនួបកំពូលដំបូងរបស់លោក ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានបង្ហាញឲ្យឃើញនូវភាពអាចទៅរួច សម្រាប់ចំណងមិត្តភាពរបស់ប្រទេសទាំងពីរ មានភាពកាន់តែប្រសើរខ្លាំងឡើង ប៉ុន្តែបានព្រមានប្រឆាំង ការវាយប្រហារលើអ៊ីនធឺណេត និងការរំលោភបំពានសិទ្ធិមនុស្ស ។

ប្រែសម្រួល៖ ប៉ាង កុង

To Top