ព័ត៌មានអន្តរជាតិ

ប្រេសិតទទួលបន្ទុក កិច្ចការកូរ៉េខាងជើងរបស់អាមេរិក រំពឹងមានការឆ្លើយតបវិជ្ជមាន ស្តីពីកិច្ចពិភាក្សាគ្នា

បរទេស៖ ប្រសិតអាមេរិកថ្មីដែល ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង បាននិយាយនៅថ្ងៃចន្ទនេះថា លោករំពឹងមានការឆ្លើយតបវិជ្ជមានឆាប់ៗនេះ ស្តីពីកិច្ចពិភាក្សាគ្នា ពីប្រទេសកូរ៉េខាងជើង នៅក្នុងអឡុងដំណើរទស្សនកិច្ច មកទីក្រុងសេអ៊ូលរបស់លោក ដើម្បីជួបជាមួយសមភាគី មកពីកូរ៉េខាងត្បូងនិងជប៉ុន។

តាមសេចក្តីរាយការណ៍ តំណាងពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Sung Kim នាពេលបច្ចុប្បន្ន កំពុងនៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ ស្របពេលមានផ្លូវទាល់ក្នុងកិច្ចពិភាក្សាគ្នា លុបបំបាត់នុយក្លេអ៊ែជាមួយទីក្រុងព្យុងយ៉ាង។

លោក Sung Kim បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនឹងធ្វើការត្រៀមខ្លួន សម្រាប់រឿងណាមួយ ព្រោះយើងដឹងថា យើងនៅតែកំពុងរង់ចាំស្តាប់ ដំណឹងឆ្លើយតបពីទីក្រុងព្យុងយ៉ាង សម្រាប់កិច្ចប្រជុំមួយ ហើយសង្ឃឹមថា កិច្ចពិភាក្សាគ្នាបង្ហាញថា យើងនឹងទទួលបានការឆ្លើយតបវិជ្ជមានឆាប់ៗនេះ”។

គួរបញ្ជាក់ថា នៅក្នុងការថ្លែងដោយត្រង់ដំបូង ស្តីពីរដ្ឋបាលលោក បៃដិន ដែលចូលកាន់តំណែងនៅក្នុងខែមករា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឲ្យធ្វើការត្រៀមរៀបចំ សម្រាប់ទាំងកិច្ចពិភាក្សាគ្នា និងសម្រាប់ការប្រឈមមុខដាក់គ្នា ជាមួយសហរដ្ឋអាមេរិក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top