Covid-19

ប្រទេស សមាជិកអាស៊ាន មួយដំបូងបំផុត ដែលមានអ្នកឆ្លង ជំងឺជាង ២លាននាក់

ហ្សាកាតា៖ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅឥណ្ឌូណេស៊ី បានកើនឡើងដល់ជាង ២ លាននាក់ហើយ ដោយមានកំណត់ត្រា ប្រចាំថ្ងៃខ្ពស់បំផុត ដែលបានឈានដល់ចាប់តាំងពីមានករណីដំបូងរបស់ប្រទេសនេះ កាលពីខែមីនា ឆ្នាំមុន។

នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួន ក្រុមការងារពិសេស សម្រាប់ការការពារកាត់បន្ថយជំងឺកូវីដ – ១៩ បានប្រកាសថា គិតត្រឹមរសៀលថ្ងៃច័ន្ទម្សិលមិគនេះ ករណីឆ្លងជំងឺកូវូដ-១៩ សរុបចំនួន ២,០០៤,៤៤៥ករណី ត្រូវបានបញ្ជាក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលមានអ្នកស្លាប់ ៥៤,៩៥៦ នាក់។

ចំនួនករណីថ្មីដែលត្រូវបានរាយការណ៍កាលពីថ្ងៃច័ន្ទ មានចំនួនសរុប ១៤,៥៣៦ ដែលជាចំនួនខ្ពស់បំផុតនៃកំណត់ត្រាប្រចាំថ្ងៃ មុនចំនួន ១៤,៥១៨ ដែលបានកើតឡើងកាលពីថ្ងៃទី៣០ ខែមករា។

ចាប់តាំងពីមួយសប្តាហ៍មុន ការឆ្លងបាននិងកំពុងរីករាលដាល យ៉ាងខ្លាំងជាមួយទីក្រុងចំនួន ៣ នៅក្នុងប្រទេសនេះ រួមមានតំបន់បាងកាន នៅលើកោះម៉ាឌូរ៉ា នៅខេត្តជ្វាខាងកើត, តំបន់គូឌុស នៅខេត្តជ្វាភាគកណ្តាល និងរដ្ឋធានីចាកាតា ដែលក្លាយជាចំណុចកណ្តាលនៃការឆ្លង។

មន្ទីរពេទ្យភាគច្រើនដែលត្រូវបានកំណត់ សម្រាប់អ្នកជំងឺកូវីដ-១៩ នៅហ្សាកាតា និងទីក្រុងនានានៅជុំវិញ Kudus គឺស្ទើរតែពេញដោយអត្រាស្នាក់នៅ លើគ្រែមន្ទីរពេទ្យ ដោយបានឈានដល់ប្រហែល ៩០ ភាគរយ។

ករណីប្រចាំថ្ងៃនៅក្នុងប្រទេសនេះ បានចាប់ផ្តើមកើនឡើងម្តងទៀតនៅពាក់កណ្តាលខែឧសភាបន្ទាប់ពីធ្លាក់ចុះយឺតៗ នៅចន្លោះពី ២០០០ ទៅ ៤០០០ករណីប្រចាំថ្ងៃ ។ ការកើនឡើងនេះបានកើតឡើងបន្ទាប់ពីការចាកចេញរបស់ប្រជាជនភាគច្រើន មកពីហ្សាកាតា ដែលបានទៅស្រុកកំណើត ដើម្បីអបអរថ្ងៃឈប់សម្រាករបស់អ៊ីស្លាម អ៊ីឌីអាល់ហ្វាហ្វដ ទោះបីជាមានការហាមឃាត់ពីការធ្វើដំណើរ របស់រដ្ឋាភិបាលក៏ដោយ៕
ដោយ ឈូក បូរ៉ា

To Top