Covid-19

វៀតណាម សុំជំនួយវ៉ាក់សាំងកូវីដ១៩ ពីប្រទេស អាល្លឺម៉ង់

បរទេស៖ ប្រទេសវៀតណាម កាលពីថ្ងៃអង្គារ បានស្វែងរកជំនួយពីប្រទេសអាល្លឺម៉ង់ក្នុងការទទួលបាន វ៉ាក់សាំងបង្ការជំងឺកូវីដ-19 និង ការផ្ទេរបច្ចេកវិទ្យាផលិតកម្មវ៉ាក់សាំង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel, នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មីញជីញ បានសាទរចំពោះភាពជោគជ័យ របស់ប្រទេសអាល្លឺម៉ង់ ក្នុងការទប់ស្កាត់ជំងឺរាតត្បាត និងតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកឧបត្ថម្ភធំបំផុត នៃយន្តការទទួលវ៉ាក់សាំងពិភពលោក Covax។ នេះបើយោងតាម គេហទំព័រព័ត៌មានរដ្ឋាភិបាល។

លោកបានស្វែងរកជំនួយពីអាល្លឺម៉ង់ សម្រាប់វៀតណាមដើម្បីទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ និងផ្ទេរបច្ចេកវិទ្យាផលិតកម្មវ៉ាក់សាំង ដោយក្រុមហ៊ុនឱសថរបស់ខ្លួន។ នាយករដ្ឋមន្រ្តីវៀតណាម ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរអាល្លឺម៉ង់ដែលបាន ផ្តល់អំណោយដល់វៀតណាម ជាឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ ចំនួន ១ លាន ផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top