ព័ត៌មានអន្តរជាតិ

ប្រធានសន្តិសុខរុស្ស៊ី ៖ ​មូស្គូ នឹងសហការ ជាមួយអាមេរិក ប្រឆាំង ពួកហ៊ែកឃើ

បរទេស ៖ ក្រោយរយៈពេលមួយសប្ដាហ៍ បន្ទាប់ពីមេដឹកនាំ នៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាបង្កើត សហប្រតិបត្តិការ ក្នុងចំណុច ជាក់លាក់នោះ ប្រធានទីភ្នាក់ងារសន្តិសុខ FSB បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ីនឹងធ្វើការងារ ជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកឧក្រិដ្ឋជន អ៊ីនធឺណេត ។

ប្រធានទីភ្នាក់ងារ សន្តិសុខ FSB លោក Alexander Bortnikov បានមានប្រសាសន៍ថា ទីភ្នាក់ងារ សន្តិសុខ នឹងអនុវត្តមាន កិច្ចព្រមព្រៀង ដែលបាន ធ្វើឡើង ដោយលោកប្រធានាធិបតី រុស្ស៊ី វ្លាឌីមៀរ ពូទីន និង លោកប្រធានាធិបតី អាមេរិក ចូ បៃដិន ក្នុងកិច្ចពិភាក្សាគ្នា ស្តីពីបញ្ហាសន្តិសុខ អ៊ីនធឺណេត នៅជំនួបកំពូលមួយ កាលពីសប្ដាហ៍មុន ក្នុងប្រទេសស្វីស ដែលជាកិច្ចជំនួបផ្ទាល់ដំបូង ចាប់តាំងពីលោក បៃដិន ឡើងកាន់ អំណាចមក ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Alexander Bortnikov បានមានប្រសាសន៍ យ៉ាងដូច្នេះ នៅក្នុងសន្និសីទ កាសែតក្នុងទីក្រុងមូស្គូមួយថា “យើងនឹងធ្វើការងាររួមគ្នា លើការតាមស្វែង រកពួកហ៊ែកឃើ និងសង្ឃឹមទទួលបាន ការធ្វើតបមកវិញ” ។

គួរបញ្ជាក់ថា លោក បៃដិន បាននិយាយប្រាប់លោក ពូទីន នៅក្នុងជំនួបកំពូលកាល ពីសប្ដាហ៍មុនថា ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ៗ គួរតែត្រូវបានកំណត់ ចំពោះការវាយប្រហារ តាមអ៊ឺនធឺណេត ក្រោយពីការ តាមស្វែង រកឧក្រិដ្ឋជនអ៊ីនធឺណេត ដែលធ្វើការបិទក្នុងរយៈពេលខ្លី នូវបណ្ដាញបំពង់បង្ហូរប្រេង ដ៏សំខាន់អាមេរិក រំខានដល់ការចែកចាយប្រេងសាំង និងបង្កឲ្យមានការភ័យស្លន់ស្លោរ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top