ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់យោធារុស្ស៊ី ព្រមានថា សហរដ្ឋអាមេរិក បានបង្កើតកម្លាំង ចំនួន ៤០០ ០០០ នាក់ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក

បរទេស ៖ រដ្ឋបាលរបស់លោកប្រធានាធិបតី Biden បានបង្កើនយ៉ាងខ្លាំង នូវអ្វីដែលគេហៅថា ប្រតិបត្តិការសេរីភាពនាវា ចរណ៍នៅសមុទ្រចិនខាងកើត និងខាងត្បូង ហើយនៅជួរមុខផ្នែកការទូតវិញ គឺបានធ្វើការបង្កើតសម្ព័ន្ធភាពថ្មី ដ៏សំខាន់មួយដើម្បី“ ទប់ទល់នឹងចិន” ។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានស្តីបន្ទោសកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយចោទប្រកាន់ អាមេរិកថា បានព្យាយាមបង្កើតភាព វឹកវរក្នុងពិភពលោក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Igor Kostyukov ប្រធាននាយក នៃអគ្គសេនាធិការទូទៅ (GRU) ដែលជាទីភ្នាក់ងារចារកម្មយោធារុស្ស៊ី បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានបង្កើតកម្លាំង យោធាចំនួន ៤០០ ០០០ នាក់នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ។

ថ្លែងនៅក្នុងសន្និសីទ ស្តីពីសន្តិសុខអន្តរជាតិ នៅទីក្រុងមូស្គូ កាលពីថ្ងៃពុធ លោក Kostyukov បានចោទប្រកាន់ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថា ខ្លួនមិនទាន់ត្រៀមខ្លួន រួចជាស្រេចក្នុងការចូលរួម ជាមួយប្រទេសដទៃទៀត នៅក្នុងកិច្ចពិភាក្សាលើគោលការណ៍ ស្មើភាពគ្នានោះទេ ហើយបានស្នើថា សកម្មភាពរបស់អាមេរិក រួមទាំងកិច្ចប្រឹងប្រែងដើម្បីទាញឥណ្ឌា ចូលទៅក្នុងរបៀបថ្មី របស់ណាតូ ជាសម្ព័ន្ធមិត្តអាស៊ី – ប៉ាស៊ីហ្វិកនោះ គឺបង្ហាញពីការប៉ុនប៉ង របស់ខ្លួន (អាមេរិក) ដើម្បីត្រួតត្រាតំបន់ និងប្រឆាំងរុស្ស៊ីនិងចិន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top