ព័ត៌មានអន្តរជាតិ

ទូតជប៉ុន ស្នើពលរដ្ឋខ្មែរ ទុកដាក់សំរាមឲ្យត្រឹមត្រូវ ព្រោះថា រដូវស្សាចូលមក ដល់ហើយ

ភ្នពេញ ៖ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា បានស្នើឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមបោះចោលសំរាមដោយមានសណ្តាប់ធ្នាប់ ដើម្បីទប់ស្កាត់ការស្ទះលូដោយសារការចោលសំរាម គ្មានសណ្ដាប់ធ្នាប់។

តាមរយៈវិដេអូជាង២នាទី របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាពេលថ្មីៗនេះ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ លើកឡើងថា រដូវ ស្សាបានចូលមកដល់ហើយ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ប្រជាជនខ្មែរនៅតំបន់មួយចំនួន អាចមានអារម្មណ៍ពិបាកចិត្ត ដោយសារលំដ្ឋាន និងផ្លូវថ្នូល ត្រូវបានជនលិច។

លោក បន្ដថា កត្តាធំមួយដែលអាចបណ្ដាលនាំឲ្យមានទឹកជំនន់ គឺស្ទះបណ្ដាញបង្ហូរទឹក ដោយសារបោះចោលសំរាម គ្មានសណ្ដាប់ធ្នាប់ វាបណ្ដាលមកពីសំរាមប្លាស្ទិកមួយចំនួនធំ បានហូរចេញពីទីក្រុងភ្នំពេញតាមរយៈទន្លេ។ លោកថា ប្រទេសជប៉ុន បាននិងកំពុងគាំទ្រនូវការជួសជុល និងសាងសង់បណ្ដាញបង្ហូរទឹកថ្មី ក្នុងរាជធានីភ្នំពេញ។

លោក ថ្លែងថា «ទោះបីយ៉ាងណាក៏ដោយ ដើម្បីរស់នៅប្រកបដោយអនាម័យ និងផាសុខភាព អ្វីដែលសំខាន់បំផុត សម្រាប់យើងម្នាក់ៗ គឺបង្កើននូវអកប្បកិរិយារស់នៅផ្ទាល់ខ្លួន។ សកម្មភាពរបស់លោកអ្នកថ្ងៃនេះ នឹងធ្វើឲ្យជីវភាពកាន់តែល្អប្រសើរនៅថ្ងៃអនាគត»។

លោកទូត បន្ថែមថា បច្ចុប្បន្នរដ្ឋាភិបាលជប៉ុន បានជួយដល់កម្ពុជា ក្នុងគម្រោងស្តារប្រព័ន្ធលូបង្ហូរទឹក និងជំនួយបច្ចេកទេស កុំឲ្យប្លាស្ទិកហូរចូលសមុទ្រ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top