ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោស និងប្រឆាំងដាច់ខាត លើរាល់ទម្រង់នៃការ ផ្លាស់ប្ដូរផ្លូវការ និងទំនាក់ទំនង យោធារវាងអាមេរិក និងតៃវ៉ាន់


ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន ប្រឆាំងដាច់ខាត នឹងរាល់ទម្រង់នៃការផ្លាស់ប្តូរជាផ្លូវការ និងទំនាក់ទំនងយោធារវាង សហរដ្ឋអាមេរិក និងតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់​ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ លោក Ren Guoqiang អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះសហរដ្ឋអាមេរិកដោយប្រើបញ្ហា ដែលទាក់ទងនឹងកោះតៃវ៉ាន់ ដើម្បីធ្វើជាមធ្យោបាយទប់ស្កាត់ប្រទេសចិន។

លោក Ren ក៏បានសម្តែងការប្រឆាំងជំទាស់នឹងអាជ្ញាធរតៃវ៉ាន់ ដែលពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាមេរិក និងទប់ទល់នឹងការបង្រួបបង្រួមឡើងវិញឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយកម្លាំងយោធា។

លោក Ren បានជំរុញឱ្យសហរដ្ឋអាមេរិក គោរពតាមគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិទាំង៣ នៃទំនាក់ទំនងចិន – សហរដ្ឋអាមេរិក និងផ្តាច់ទំនាក់ទំនងណាមួយជាមួយយោធាតៃវ៉ាន់។

លោកបន្ដថា អាជ្ញាធរនៃគណបក្សជឿនលឿនប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ គួរតែដឹងថាអនាគតរបស់កោះតៃវ៉ាន់ ស្ថិតនៅក្នុងការបង្រួបបង្រួមជាតិ និងសុខមាលភាពរបស់ជនរួមជាតិតៃវ៉ាន់ ស្ថិតនៅក្នុងការកសាងប្រទេសឡើងវិញ។

នៅក្នុងនោះដែរលោកបានអះអាងថា“ រាល់ការប៉ុនប៉ងស្វែងរក“ ឯករាជ្យភាពរបស់តៃវ៉ាន់” ដោយមានការគាំទ្រពីសហរដ្ឋអាមេរិកនឹងត្រូវបរាជ័យ”។

លោកបន្ដថា សមយុទ្ធយោធាថ្មីៗនេះធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិន (PLA) នៅជុំវិញច្រកសមុទ្រតៃវ៉ាន់ គឺជាសកម្មភាពចាំបាច់ទាក់ទងនឹងស្ថានភាពសន្តិសុខបច្ចុប្បន្ន នៅច្រកសមុទ្រ និងដើម្បីការពារអធិបតេយ្យភាពជាតិ។ PLA នឹងបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីក៏ដូចជាការពារសន្តិសុខជាតិ៕

ដោយ ឈូក បូរ៉ា

To Top