ព័ត៌មានអន្តរជាតិ

អាមេរិក និងតៃវ៉ាន់ នឹងប្រារព្ធធ្វើកិច្ចពិភាក្សាជំនួញ ជាប់គាំងជាយូរនៅសប្ដាហ៍ក្រោយ

បរទេស៖ តៃវ៉ាន់និងសហរដ្ឋអាមេរិក នឹងប្រារព្ធធ្វើកិច្ចពិភាក្សា ជំនួញនៅសប្ដាហ៍ក្រោយ នេះបើតាមសម្តីរបស់ស្ថានទូតក្រៅផ្លូវការ របស់អាមេរិកនៅទីក្រុងតៃប៉ិ បាននិយាយប្រាប់នៅថ្ងៃសុក្រនេះ ដើម្បីបន្តកិច្ចពិភាក្សាដែល ជាប់គាំងជាយូរមកហើយ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ស្វះស្វែងធ្វើការគាំទ្រស៊ីជម្រៅ ចំពោះកោះដែលចិនអះអាងកម្មសិទ្ធិនេះ។

កិច្ចពិភាក្សាពីកិច្ចព្រមព្រៀង នៃទម្រង់ជំនួញនិងវិនិយោគ ហៅកាត់ថា TIFA បានជាប់គាំង បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ចប់តំណែងរបស់លោក កាលពីឆ្នាំ២០១៦ ហើយតំណាងរបស់លោកប្រធានាធិបតីបន្ទាប់ ដូណាល់ ត្រាំ គឺលោក Robert Lighthizer បានផ្តោតការចាប់អារម្មណ៍លើប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទីពីរ។

បេសកកម្មការទូតអាមេរិក លើកោះតៃវ៉ាន់ American Institute in Taiwan បាននិយាយថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សា TIFA នឹងត្រូវប្រារព្ធធ្វើឡើង នៅថ្ងៃពុធ ដែលបើកដោយមន្ត្រីការទូតជាន់ខ្ពស់ របស់អាមេរិកប្រចាំនៅកោះតៃវ៉ាន់ គឺលោក Brent Christensen និងមន្ត្រីការទូតជាន់ខ្ពស់តៃវ៉ាន់ ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Hsiao Bi-Khim។

តាមសេចក្តីរាយការណ៍ ការិយាល័យនៃតំណាងជំនួញសហរដ្ឋអាមេរិក និងការិយាល័យនៃកិច្ចចរចាជំនួញរបស់កោះតៃវ៉ាន់ នឹងធ្វើតួនាទីជាប្រធានពិគ្រោះយោបល់ សម្រាប់កិច្ចពិភាក្សាគ្នានោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ វិទ្យាស្ថានអាមេរិកប្រចាំនៅតៃវ៉ាន់ បាននិយាយថា “វិទ្យាស្ថានអាមេរិក AIT ទន្ទឹងរង់ចាំប្រើប្រាស់ដំណើរការ TIFA ដើម្បីពង្រឹងចំណងមិត្តភាពជំនួញ និងវិនិយោគយុទ្ធសាស្ត្រ ដែលមានរវាងសេដ្ឋកិច្ចទាំងពីររបស់យើង” ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×