Covid-19

ករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅបង់ក្លាដែស កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន

ដាកា៖ ប្រទេសបង់ក្លាដែស បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១១៩ នាក់បន្ថែមទៀតពីជំងឺរាតត្បាតកូវីដ-១៩ ដែលជាចំនួនប្រចាំថ្ងៃ ខ្ពស់បំផុតមិនធ្លាប់មាន ដែលធ្វើឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ជាង ១៤,០០០ នាក់។

យោងតាមអគ្គនាយកដ្ឋានសេវាសុខភាព (DGHS) អ្នកជំងឺសរុបចំនួន ១៤,១៧២ នាក់បានស្លាប់នៅក្នុងប្រទេសបង់ក្លាដែស ពីការរីករាលដាលនៃជំងឺនេះ ចាប់តាំងពីរោគរាតត្បាតនេះ បានវាយប្រហារប្រទេស។

DGHS ក៏បានរាយការណ៍ផងដែរនូវករណីឆ្លងជំងឺ ចំនួន ៥,២៦៨ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នៅទូទាំងប្រទេសបង់ក្លាដែសដែល បានបង្កើនចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៨៨៨,៤០៦ករណគ ។

ទិន្នន័យផ្លូវការបានបង្ហាញថា មានការធ្វើសំណាក ២៤,៤០០ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅទូទាំងប្រទេសបង់ក្លាដែស។ ចំនួនសរុបនៃអ្នកជំងឺដែលបាន សង្គ្រោះបានកើនឡើងដល់ ៨០៤,១០៣នាក់ រួមទាំងការរកឃើញអ្នកឆ្លងថ្មី ៣,២៤៩ នាក់ដែលបានរាយការណ៍ កាលពីថ្ងៃអាទិត្យ។

យោងតាមទិន្នន័យជាផ្លូវការ អត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅប្រទេសបង់ក្លាដែស បច្ចុប្បន្នមានចំនួន ១,៦០ ភាគរយ ហើយអត្រានៃការងើបឡើងវិញគឺ ៩០,៥១ ភាគរយ។

គួរបញ្ជាក់ថា ប្រទេសបង់ក្លាដែសបានកត់ត្រា ករណីថ្មីខ្ពស់បំផុតប្រចាំថ្ងៃចំនួន ៧,៦២៦ នាក់នៅថ្ងៃទី៧ ខែមេសា និងចំនួនអ្នកស្លាប់ខ្ពស់ជាងគេកាលពីមុនមានចំនួន ១១២ នាក់កាលពីថ្ងៃទី ១៩ ខែមេសា ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top