Covid-19

រដ្ឋមន្ដ្រីសុខាភិបាល ទទូចឲ្យ ពលរដ្ឋ បន្ដការពារខ្លួន បន្ទាប់ពី រកឃើញ ពលករខ្មែរ ឆ្លងជំងឺ កូវីដ-១៩ បំប្លែងថ្មី ច្រើនករណី

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានទទូចដល់ប្រជាពលរដ្ឋ ត្រូវបន្ដការពារខ្លួន ព្រោះថា តាមរយៈធ្វើការតេស្ដ លើពលករចំណាកស្រុក ត្រឡប់មកពីប្រទេសថៃវិញ បានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ ដែលតា (Delta) មានច្រើនករណី។

យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា «តាមរយៈការធ្វើតេស្តលើពលករ ចំណាកស្រុកត្រឡប់មកពីប្រទេសថៃ ឃើញថា មានការនាំចូលនូវជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ ដែលតា(Delta) មានច្រើនករណី។ ដកពិសោធន៍ការចម្លងនៃវីរុសនេះ នៅប្រទេសមួយចំនួន មានភាពសាហាវខ្លាំងជាងវីរុសកូវីដ-១៩ បំប្លែងមុនៗ ប្រហែល ដល់ទៅ ១៥ដង ខ្លាំងជាងការចម្លងពីពេលកន្លងទៅ»។

ក្រសួងបន្ដថា ទន្ទឹមនឹងនោះ ក៏មិនដឹងថា វីរុសកូវីដ-១៩ នេះ មានអត្តចរិកបែបណា និងនៅកន្លែងណាដែរ រហូតដល់បច្ចុប្បន្ននេះ ហើយក៏មិនអាចដឹងដែរថា តើបុគ្គលដែលបានឆ្លងវីរុសនេះបានប៉ះពាល់អ្វីខ្លះ ដែលមានវត្តមានវីរុសនេះ ហើយបុគ្គល ដែលកើតជំងឺកូវីដ-១៩ នេះក៏ប្រហែលជាមិនដឹងខ្លួនថាឆ្លងផង។ វ៉ាក់សាំង គឺជាឧបករណ៍ដែលអាចជួយ កាត់បន្ថយនូវភាពឈឺធ្ងន់ធ្ងរ ការសម្រាកនៅមន្ទីរពេទ្យ និងអត្រាស្លាប់។

ក្រសួង បន្ថែមថា ប៉ុន្តែអ្វីដែលអ្នកវិទ្យាសាស្ត្រ បានស្រាវជ្រាវដឹងនោះ គឺបណ្តាលមកពីកង្វះខាត ក្នុងការអនុវត្តន៍វិធានការការពារខ្លួនបានត្រឹមត្រូវ និងដោយម៉ត់ចត់ ជាពិសេស ហានិភ័យខ្ពស់នៅពេលដែលបុគ្គលចល័ត ធ្វើដំណើរចេញពីផ្ទះ ពីកន្លែងមួយទៅកន្លែងមួយ ដោយភ្លេចអនុវត្តន៍វិធានការការពារខ្លួន ឬអនុវត្តមិនបានខ្ជាប់ខ្លួន និងគត់មុត នូវវិធានការការពារខ្លួន។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវដោយទទូចដល់ សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឲ្យបន្តការពារខ្លួនកុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន ឲ្យស្របតាមពាក្យស្លោកដែលថា (រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩) សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែល អាចកើតមាននៅក្នុងប្រទេសកម្ពុជា ជាយថាហេតុណាមួយ»។

លោក បន្ដថា ការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ ដើរតួនាទីសំខាន់ដើម្បីការពារបុគ្គលខ្លួនឯង ក្រុមគ្រួសារខ្លួន និងសហគមន៍របស់ខ្លួន និងអ្នកដទៃ ឲ្យបានរស់នៅប្រកបដោយសុវត្ថិភាព និងអាចរក្សាជីវភាររស់នៅ ដោយអាចប្រព្រឹត្តការប្រកបមុខរបរចិញ្ចឹមជីវិតបាន។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤៨,៥៣២នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៤២,៧៦៤នាក់ និងស្លាប់ ចំនួន៥៥៦នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top