បើនិយាយពីអរិយប្រទេសបុរាណនៅអាស៊ី យើងរមែងតែងនឹកឃើញដល់ ប្រទេសចិនដែលមានប្រវត្តិសាស្ត្រជាង ៥ ពាន់ឆ្នាំមកហើយ ។ បើនិយាយពីមហាអំណាច សេដ្ឋកិច្ចពិភពលោក យើងក៏នឹងនឹកឃើញដល់ប្រទេសចិន ដែលជាអង្គភាពសេដ្ឋកិច្ចធំទី ២ លើពិភពលោកដែលត្រូវគេប្រសិទ្ធនាមថាជា«នាគយក្សនៅអាស៊ី» ។ បើនិយាយពីប្រទេសខ្លាំងខាងវិស័យអវកាស ប្រទេសចិនដែលទទួលបាន សមិទ្ធផលយ៉ាងលេចធ្លោក្នុងវិស័យនេះ ក៏ទទួលបានការកត់សម្គាល់ខ្លាំង ពីសំណាក់ពិភពលោកទាំងមូលផងដែរ ។
យ៉ាងណាមិញ ការទទួលបានសមិទ្ធផលដូចសព្វថ្ងៃនេះ មិនមែនជារឿងមួយថ្ងៃពីរនោះទេ ពោលគឺប្រទេសចិនបាន ឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ រាប់ទាំងសង្គ្រាមរ៉ាំងរ៉ៃក្នុងស្រុក និងការឈ្លានពានពីបរទេស ហើយត្រូវប្រើពេលជិតមួយសតវត្សរ៍ ដើម្បីស្តារភាពរុងរឿងថ្កុំថ្កើងរបស់ខ្លួនឡើងវិញ ។
សង្គមសក្តិភូមិដែលមានរយៈពេលជាង ២៣០០ឆ្នាំ បានចារឹកនូវភាពរុងរឿង ដុនដាប ផ្អែមល្អែមនិងល្វីងជូរចត់ក្នុងប្រវត្តិសាស្ត្រចិន ។ ចំណែកឯការបង្កើតបក្សកុម្មុយនិស្តចិន អាចនិយាយបានថា ជាតក្កកម្មដ៏អច្ឆរិយមួយក្នុង ប្រវត្តិសាស្ត្រសម័យទំនើបរបស់ចិន ។ ចាប់តាំងពីបានក្លាយជាបក្សកាន់អំណាចមក បក្សកុម្មុយនិស្តចិនបាននាំមកនូវ សមិទ្ធផលជាប្រវត្តិសាស្ត្រ ជាច្រើនជូនជាតិមាតុភូមិ ដែលបានដឹកនាំប្រជាជនទូទាំងប្រទេស ហែលឆ្លងពីភាពលំបាកវេទនា ដើម្បីឆ្ពោះទៅរកត្រើយនៃ ភាពសម្បូរសប្បាយ និងប្រកបដោយសេចក្តីថ្លៃថ្នូរស្មើមុខស្មើមាត់ ប្រទេសមហាអំណាចលើពិភពលោក ។
ពិសេសក្នុងសមាជលើកទី ១៥ របស់ខ្លួន បក្សកុម្មុយនិស្តចិនបានដាក់ចេញ នូវទិសដៅការងារសំខាន់មួយគឺ «១០០ឆ្នាំចំនួនពីរ» ពោលគឺក្នុងឱកាសខួប ១០០ ឆ្នាំរបស់បក្ស នឹងធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែវិវឌ្ឍន៍រីកចម្រើន របបគ្រប់គ្រងកាន់តែមានសុក្រឹតភាព ។ លុះដល់ពាក់កណ្តាលសតវត្សរ៍នេះដែលជាខួបទី ១០០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ត្រូវសម្រេចឱ្យបានជាមូលដ្ឋាននូវ ការធ្វើទំនើបកម្មប្រទេសជាតិ ពោលគឺកសាងជាប្រទេសសង្គមនិយម ដែលប្រកបដោយភាពសម្បូរសប្បាយ ប្រជាធិបតេយ្យ សុខដុមនីយកម្ម និងអរិយធម៌ ។
ក្នុងនោះ ការសម្រេចបាននូវការកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២០ គឺជាការសម្រេចបាននូវគោលដៅតស៊ូ ១០០ឆ្នាំ ទីមួយ ។ បន្ទាប់មកធ្វើកិច្ចខិតខំប្រឹងប្រែង ១៥ ឆ្នាំទៀត ពោលគឺសម្រេចបាននូវ ការកសាងជាប្រទេស សង្គមនិយមទំនើបនៅឆ្នាំ ២០៣៥ ។ ពីឆ្នាំ ២០៣៥ ដល់ពាក់កណ្តាលសវត្សរ៍នេះ ពោលគឺនៅរង្វង់ឆ្នាំ ២០៤៩ នឹងសម្រេចបាននូវគោលដៅតស៊ូ ១០០ ឆ្នាំ ទីពីរ ។
ដូចអ្វីដែលយើងទាំងអស់គ្នា បានមើលឃើញហើយ គឺកាលពីឆ្នាំមុន ប្រទេសចិនបានសម្រេចភារកិច្ច ជាប្រវត្តិសាស្ត្ររបស់ខ្លួន ក៏ដូចជាភារកិច្ចក្នុងប្រវត្តិសាស្ត្រ របស់មនុស្សជាតិផងដែរ ពោលគឺរាប់តាំងពីការធ្វើ កំណែទម្រង់និងបើកទូលាយនៅឆ្នាំ ១៩៧៨ មក បានធ្វើឱ្យប្រជាជនក្រីក្រជិត ៨ រយលាននាក់ចេញផុតពីភាពក្រីក្រ ។ ពិសេសគឺចាប់ពីសមាជបក្ស កុម្មុយនិស្តចិនលើកទី ១៨ នាចុងឆ្នាំ ២០១២ មកទល់ចុងឆ្នាំ២០២០ ប្រទេសចិនបានកាត់បន្ថយ ប្រជាជនក្រីក្រជិតមួយរយលាននាក់ ដែលបានធ្វើឱ្យប្រជាជនក្រីក្រស្ថិតក្រោម ខ្សែបន្ទាត់ស្តង់ដាក្រីក្រដែលប្រទេសចិន បាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ន ចេញផុតពីភាពក្រីក្រទាំងស្រុង ដែលត្រូវជាចំនួន ៧០ ភាគរយនៃការកាត់បន្ថយចំនួន ប្រជាជនក្រីក្រនៅទូទាំង ពិភពលោកក្នុងរយៈពេលដូចគ្នា ។ សមិទ្ធផលនេះសម្រេចបានមុនការកំណត់ នៃរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិរហូតដល់ទៅ ១០ ឆ្នាំ ។
សមិទ្ធផលកាត់បន្ថយភាពក្រីក្ររបស់ចិន មិនត្រឹមតែបានធ្វើឱ្យប្រជាជនរបស់ខ្លួន មានជីវភាពរស់នៅសម្បូរសប្បាយប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកដ៏ធំធេង ក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រ របស់ពិភពលោកផងដែរ ពោលគឺក្នុងបរិបទជំងឺកូវីដ-១៩ និងកំណើននៃជនក្រីក្រដាច់ខាត នៅទូទាំងពិភពលោក ភាពជោគជ័យនៃការកាត់បន្ថយ ភាពក្រីក្ររបស់ប្រទេសចិន បាននាំមកនូវបទពិសោធន៍ និងជំនឿចិត្តសម្រាប់ពិភពលោក ។
យើងងាកមកមើលពីវិស័យអវកាសវិញ កាលពីសម័យបុរាណ ប្រជាជនចិនមានក្តីស្រមៃដ៏ល្អបវរ ចំពោះទិដ្ឋភាពនៅលើលំហអវកាស ។ តាមរយៈវណ្ណកម្មអក្សរសិល្ប៍រាប់មិនអស់ ពិសេសតាមរយៈរឿងទេវកថា ដូចជារឿង«ព្រះនាងឆាងអឺ» រឿង«លោកគ្រូថាំងចេងទៅចម្លងធម៌» រឿង«ទេវបុត្រណាចា»។ល។ យើងបានមើលឃើញពីការនិម្មិតឡើង នូវទិដ្ឋភាពឋានសួគ៌ ឋានព្រះចន្ទ និងឋានបរមសុខជាដើម ដែលបង្ហាញពីបំណងប្រាថ្នា របស់ប្រជាជនចិនពីមួយជំនាន់ ទៅមួយជំនាន់ដែលចង់ដឹងចង់ ឮថាតើនៅលើទីអវកាសមានអ្វីខុសប្លែក ពីភពផែនដីរបស់យើងទៅ ?
យ៉ាងណាមិញ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ក្តីសុបិនទៅកាន់ទីអវកាសរបស់ ប្រជាជនចិនបានក្លាយជា ការពិតម្តងហើយម្តងទៀត ។ យានអវកាស Shenzhou បានដឹកមនុស្សទៅកាន់ទីអវកាស , យានអវកាស Chang’e បានទៅរុករកនៅភពព្រះចន្ទ , យានអវកាស Tianwen បានទៅរុករកនៅភពព្រះអង្គារ ចំណែកឯស្ថានីយអវកាសវិញ បាននិងកំពុងលេចចេញជារូបរាងជាសន្សឹមៗ ។ល។ ទាំងនេះគឺជារឿងអច្ឆរិយដែលប្រទេសចិនថ្មី (សាធារណរដ្ឋប្រជាមានិតចិន) បានបង្កើតឡើងក្នុងអំឡុងពេលតែជាង ៧០ ឆ្នាំប៉ុណ្ណោះ ដែលញ៉ាំងឱ្យពិភពលោកទាំងមូល អត់ទ្រាំមិនស្ញើចសរសើរពុំបាន ។
«ល្បឿនប្រទេសចិន» គឺជាភស្តុតាងដ៏រឹងមាំមួយ ដែលបញ្ជាក់ពីការអភិវឌ្ឍដ៏ខ្លាំងក្លា នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ។ រថភ្លើងល្បឿនលឿន អាចនិយាយបានថា ជានាមបណ្ណថ្មីនៃបណ្តាញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោករបស់ប្រទេសចិន ដែលមានប្រវែងសរុបវែងជាងគេ បង្អស់លើពិភពលោក និងមានល្បឿនស្ថិតនៅជួរមុខលើពិភពលោក ។
«ល្បឿនប្រទេសចិន» ក៏បានស្តែងឡើងយ៉ាងលេចធ្លោផងដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩លើកនេះ ។ ដូចដែលយើងទាំងអស់គ្នា បានឃើញស្រាប់ហើយថា ប្រទេសចិនបានយកឈ្នះលើជំងឺកូវីដ-១៩មុនគេបង្អស់លើពិភពលោក ដោយស្តារសេដ្ឋកិច្ចនិងជីវភាពរស់នៅ របស់ប្រជាជនឡើងវិញក្នុង រយៈពេលតែជិតពីរខែប៉ុណ្ណោះ ។ ចំណែកឯការចាក់វ៉ាក់សាំងវិញ ក៏មានល្បឿនគួរឱ្យកត់សម្គាល់ដែរ គិតរហូតមកទល់បច្ចុប្បន្ន បានចាក់វ៉ាក់សាំងជូនប្រជាជនសរុបជាង ១.១០០ លានដូសហើយ ។ ចាប់ពីសម្ភារប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់វ៉ាក់សាំងនិងឱសថសង្គ្រោះជីវិត «ផលិតកម្មចិន»(Made in China) បានក្លាយជា «ម៉ាក» មួយដែលត្រូវបានទទួលស្គាល់ពីពិភពលោក ។ មិនថានៅបូព៌ាប្រទេសឬបស្ចិមប្រទេសនោះទេ យើងតែងអាចមើលឃើញ ផលិតផលចិនគ្រប់បែបយ៉ាង មានទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ឧបករណ៍អេឡិចត្រូនិកទំនើប និងឧបករណ៍បច្ចេកវិទ្យាខ្ពស់ជាដើម ដែលបង្ហាញពីដំណើរវិវឌ្ឍន៍រីកចម្រើន នៃការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យារបស់ប្រទេសចិន ។
នយោបាយសុខដុមនីយកម្ម ចែករំលែក សហប្រតិបត្តិការ ឈ្នះ-ឈ្នះនិងអភិវឌ្ឍន៍រួម របស់បក្សកុម្មុយនិស្តចិន បានញ៉ាំងឱ្យមនុស្សកាន់តែច្រើនឡើងៗ លើពិភពលោកមើលឃើញពីតម្លៃ និងអត្ថប្រយោជន៍នៃពហុភាគីនិយម និងតួនាទីរបស់ចិនចំពោះសន្តិភាព និងស្ថិរភាពនៃពិភពលោក ។ ក្នុងនាមជាយុថ្កាសម្រាប់ លំនឹងសេដ្ឋកិច្ចពិភពលោក ជានិច្ចកាលប្រទេសចិន តែងតែបាននាំមកនូវទំនុកចិត្តដ៏មុតមាំ សម្រាប់សហគមន៍អន្តរជាតិ ។
កង់ប្រវត្តិសាស្ត្រនៃប្រទេសចិនថ្មី កំពុងរំកិលទៅមុខជាសន្សឹមៗ បក្សកុម្មុយនិស្តចិនដែលបានចាប់ បដិសន្ធិឡើងនៅលើកូនទូកក្រហម ហើយបានចម្រើនលូតលាស់ ទៅជានាវាយក្សដែលអាចបរកាត់រលកសមុទ្រធំៗ និងជួយបាំងព្យុះភ្លៀងជូនប្រជាជនទូទាំងប្រទេស បាននិងកំពុងបន្តដឹកនាំប្រជាជនរបស់ខ្លួន ឆ្ពោះទៅរកត្រើយនៃភាពបវររុងរឿង ក៏ដូចជានាំមកនូវផលប្រយោជន៍ កាន់តែច្រើនថែមទៀត ជូនពិភពលោកទាំងមូលផងដែរ ៕
ដោយ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន