ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ នឹងពិភាក្សាពីការបន្ធូរបន្ថយ ជំនួញវ៉ាក់សាំងក្នុងកិច្ចពិភាក្សាគ្នា ជាមួយអាមេរិក

បរទេស៖ លោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា តៃវ៉ាន់នឹងធ្វើការពិភាក្សាអំពី ការបន្ធូរបន្ថយការនាំចូល និងនាំចេញថ្នាំវ៉ាក់សាំងកូវីដ១៩ ជាមួយសហរដ្ឋអាមេរិក នៅពេលខ្លួនប្រារព្ធធ្វើកិច្ចពិភាក្សា ជំនួញជាមួយទីក្រុងវ៉ាស៊ីនតោន នាសប្ដាហ៍នេះ ដែលនឹងជួយនាំឲ្យការរាតត្បាត ឆ្លងស្ថិតក្រោមការគ្រប់គ្រង។

ភាគីទាំងពីរ នឹងត្រូវបន្តកិច្ចពិភាក្សា ជំនួញដែលជាប់គាំងជាយូរ នៅថ្ងៃពុធសប្ដាហ៍នេះ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ស្វះស្វែងធ្វើការគាំទ្រកាន់តែស៊ីជម្រៅ ចំពោះកោះដែលចិនអះអាងកម្មសិទ្ធិនេះ និងស្របពេលដែលតៃវ៉ាន់ កំពុងតែដោះស្រាយករណី ឆ្លងជាចង្កោមនៃជម្ងឺកូវីដ១៩ នៅក្នុងស្រុក។

នៅក្នុងសុន្ទរកថាមួយ ដែលថ្លែងចេញពីការិយាល័យ របស់លោកស្រីនោះ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ថា កិច្ចពិភាក្សាអំពីកិច្ចព្រមព្រៀងទម្រង់ការងារ ជំនួញនិងវិនិយោគ ហៅកាត់ថា TIFA នឹងរួមបញ្ចូលទាំងអ្វីដែល លោកស្រីពោលសំដៅថា ជាប្រធានបទដ៏សំខាន់មួយ។

លោកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា “នោះគឺដើម្បីសម្រួលដល់ដំណើរការនាំចូល និងនាំចេញនៃថ្នាំវ៉ាក់សាំងនិងគ្រឿងផ្គត់ផ្គង់ ផ្នែកពេទ្យដទៃទៀត ហើយកិច្ចសហប្រតិបត្តិការ ដ៏មានសារៈសំខាន់នេះ នឹងនាំមកនូវជំនួយដ៏សំខាន់ ដល់ស្ថានភាពរាតត្បាតជម្ងឺបច្ចុប្បន្នរបស់យើង។ ខ្ញុំធ្លាប់បានស្នើឲ្យក្រុមចរចារបស់យើង ឲ្យធ្វើការប្រឹងប្រែងយ៉ាងពេញទំហឹង” ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top