ព័ត៌មានអន្តរជាតិ

យន្តហោះដឹកទំនិញ ប៊ូអ៊ីង ៧៣៧ បង្ខំចុះចតនៅក្នុងទឹក នៃកោះ Honolulu ដោយសារមានបញ្ហាម៉ាស៊ីន

New York៖ រដ្ឋបាលអាកាសចរណ៍ សហព័ន្ធបាននិយាយថា យន្ដហោះដឹកទំនិញប៊ូអ៊ីង ៧៣៧ ដែលមាននាវិកពីរនាក់ជិះនៅលើនោះ បានបង្ខំឱ្យចុះចតបន្ទាន់នៅលើទឹក នៃកោះ Honolulu កាលពីថ្ងៃសុក្រ បន្ទាប់ពីអ្នកបើកយន្តហោះ បានរាយការណ៍ពីបញ្ហាម៉ាស៊ីន។

យោងតាមសារព័ត៌មាន NDTV ចេញផ្សាយកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាមេរិកបានរាយការណ៍ថា អ្នកទាំងពីរនាក់ដែលស្ថិតនៅលើយន្តហោះ គឺក្នុងស្ថានភាពធ្ងន់ធ្ងរ។

យោងតាមទិន្នន័យអាកាសចរណ៍ពី FlightAware បាន ឲ្យដឹង ថា យន្តហោះដឹកទំនិញ Transair Flight 810 ត្រូវបានគេរំពឹងថា នឹងចេញពីកោះ Honolulu ទៅ Kahului ដែលជាអាកាសយានដ្ឋានសំខាន់នៅកោះ Maui ។

អ្នកនាំពាក្យរបស់ FAA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្ដហោះបានប៉ុនប៉ងវិលត្រឡប់ទៅកោះ Honolulu នៅពេលដែលពួកគេត្រូវបានបង្ខំឱ្យចុះចតយន្តហោះនៅក្នុងទឹកនៅម៉ោងប្រហែល ១ និង ៣០ នាទីព្រឹកម៉ោងក្នុងស្រុក៕ប្រែសម្រួលៈ ណៃ តុលា

To Top