ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីវ៉េណេស៊ុយអេឡា ចោទអាមេរិកថា បានរៀបផែនការ សម្លាប់លោក

បរទេស៖ នេះមិនមែនជាលើកទីមួយទេ ដែលប្រធានាធិបតីវេណេស៊ុយអេឡា គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថា មានផែនការធ្វើឃាតលោក។ កាលពីឆ្នាំ ២០១៩ ការចោទប្រកាន់ប្រហាក់ប្រហែលគ្នា ត្រូវបានធ្វើឡើងទៅលើអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ម៉ាឌូរ៉ូ បានចោទប្រកាន់ទីភ្នាក់ងារ CIA និង ទីភ្នាក់ងារយោធាអាមេរិកថា មានផែនការធ្វើឃាតលោក ជាពិសេសមានការងឿងឆ្ងល់ថា ក្នុងតំណែងប្រធានាធិបតីអាមេរិក លោក Joe Biden មានអ្វីដែលត្រូវធ្វើដែរឬទេ។

លោកម៉ាឌូរ៉ូបានថ្លែងក្នុងសុន្ទរកថាមួយ នៅឯពិធីយោធាមួយកាលពីថ្ងៃសុក្រថា «តើលោក Joe Biden បានផ្តល់សច្ចាប័នលើបទបញ្ជារបស់លោកដូណាល់ត្រាំ ដើម្បីដឹកនាំប្រទេសវេណេស៊ុយអេឡា ចូលទៅក្នុងសង្គ្រាមស៊ីវិល ហើយសម្លាប់យើងឬអត់? “តើពួកគេបានធ្វើអ្វីខ្លះ? ប្រភពរបស់យើងនៅកូឡុំប៊ីអះអាងប្រាប់យើង [… ] ថា ពួកគេបានមករៀបចំផែនការ ដើម្បីវាយប្រហារជីវិតខ្ញុំ និងមេដឹកនាំនយោបាយ និងយោធាសំខាន់ៗផ្សេងទៀត។ តើប្រធានាធិបតីអាមេរិក Joe Biden បានអនុញ្ញាត ផែនការធ្វើឃាតខ្ញុំ និងមេដឹកនាំនយោបាយនិងយោធាសំខាន់ៗ នៅវ៉េណេស៊ុយអេឡាទេ? ព្រមឬមិនព្រម? “

លោកបានស្នើថា វាជាមេបញ្ជាការតំបន់ភាគខាងត្បូង សហរដ្ឋអាមេរិកគឺលោក Craig Faller និងជានាយក CIA គឺWilliam Burns ដែលបានមកដល់ប្រទេសកូឡុំប៊ី និងប្រេស៊ីល មុនពេលបញ្ចប់ការត្រៀមរៀបចំ សម្រាប់ផែនការឃោរឃៅ ដើម្បីធ្វើឃាតលោក។

យ៉ាងណាក៏ដោយ ប្រធានាធិបតីវ៉េណេស៊ុយអេឡា មិនបានផ្តល់ភស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាង របស់លោកឡើយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top