ព័ត៌មានអន្តរជាតិ

ពួកឧទ្ទាមហូធី បើកការវាយប្រហារទៅលើតំបន់ ភាគខាងត្បូងយេម៉ែន

បរទេស៖ចលនាពួកឧទ្ទាមហូធី នៅថ្ងៃអាទិត្យម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារដោយមីស៊ីលមួយ ទៅលើតំបន់ភាគខាងត្បូងនៃ ប្រទេសយេម៉ែន ដែលនេះត្រូវបានគេមើលឃើញថា ជាការប្រយុទ្ធគ្នាខាងក្នុងប្រទេសកើតឡើងជាថ្មី។

ប្រភពរដ្ឋាភិបាលចំនួន៣បាននិយាយប្រាប់ថា ការវាយប្រហារទៅលើមូលដ្ឋានយោធាមួយ នៅក្នុងទីក្រុង Abyan ដែលបានសម្លាប់ទាហានយ៉ាងតិចចំនួន២នាក់ និងរបួសជាង២០នាក់នោះ គឺបានកើតមានឡើង ស្របពេលដែលរដ្ឋាភិបាលអន្តរជាតិ ទទួលស្គាល់និងក្រុមបះបោរ ធ្វើការប្រមូលផ្តុំកងកម្លាំងប្រយុទ្ធនៅក្នុងតំបន់ ក្នុងខណៈដែលទីក្រុងរីយ៉ាដបែរ រកការបន្ធូរបន្ថយភាពតានតឹង។

ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង ហៅកាត់ថា STC នាពេលបច្ចុប្បន្ន បាននិងកំពុងតែធ្វើការប្រយុទ្ធជាមួយរដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ដើម្បីដណ្ដើមយក ការគ្រប់គ្រងភាគខាងត្បូងប្រទេស។ ចំណែកពួកហូធី ដែលបានបណ្ដេញរដ្ឋាភិបាលចេញពី រដ្ឋធានីយេម៉ែន គឺទីក្រុងសាណាអា នៅក្នុងចុងឆ្នាំ២០១៤ ភាគច្រើនកាន់កាប់ភាគខាងជើង។

ប៉ុន្តែនៅពេលភ្លាមៗនេះ នៅមិនទាន់មានការអត្ថាធិប្បាយណាមួយ ពីពួកហូធី ដែលកំពុងតែព្យាយាមដណ្ដើមយកទីតាំងឈរជើងចុងក្រោយ របស់រដ្ឋាភិបាល ក្នុងតំបន់សម្បូរប្រេង Marib ទន្ទឹងជាមួយនឹងការវាយប្រហារឆ្លងព្រំដែន ទៅលើទីក្រុងនានារបស់ អារ៉ាប៊ីសាអូឌីតនៅឡើយនោះទេ៕

To Top