ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ពិនិត្យឃើញ ប្រសិទ្ធភាព ធ្លាក់ចុះក្នុងកិច្ច ការពារ នៃវ៉ាក់សាំង Pfizer ប្រឆាំងការឆ្លង ជម្ងឺកូវីដ១៩

បរទេស ៖ អ៊ីស្រាអែល នៅថ្ងៃចន្ទម្សិលមិញនេះ បានរាយការណ៍ពីការធ្លាក់ចុះ ក្នុងប្រសិទ្ធភាព នៃថ្នាំវ៉ាក់សាំងកូវីដ១៩ Pfizer/BioNTech ក្នុងការទប់ស្កាត់ការឆ្លង និងជម្ងឺមានរោគសញ្ញា ប៉ុន្តែបាននិយាយថា វានៅតែមានប្រសិទ្ធភាពខ្ពស់នៅឡើយ ក្នុងការទប់ស្កាត់ជម្ងឺធ្ងន់ធ្ងរ ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ការធ្លាក់ចុះក្នុង ប្រសិទ្ធភាពនេះ គឺបានកើតមានដំណាលគ្នា នឹងការរីករាលដាល នៃជម្ងឺកូវីដ១៩បម្លែងថ្មី Delta និងការបញ្ចប់ការអនុវត្តគម្លាតសុវត្ថិភាពសង្គម នៅក្នុងប្រទេសអ៊ីស្រាអែល ។

ក្រសួងសុខាភិបាលអ៊ីស្រាអែល បាននិយាយថា ប្រសិទ្ធភាពថ្នាំវ៉ាក់សាំង ក្នុងការទប់ស្កាត់ទាំងការឆ្លង និងជម្ងឺមានរោគសញ្ញា បានធ្លាក់ចុះដល់៦៤ភាគរយ គិតចាប់តាំងពីថ្ងៃទី០៦ ខែមិថុនាមក ហើយស្រប ពេលគ្នានេះដែរ ថ្នាំវ៉ាក់សាំង នៅមានប្រសិទ្ធភាព ៩៣ភាគរយ ក្នុងការទប់ស្កាត់ ឲ្យមិនបាច់ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ និងជម្ងឺធ្ងន់ធ្ងរ ពីមេរោគកូរ៉ូណា ។

មន្ត្រីនាំពាក្យក្រុមហ៊ុន ថ្នាំវ៉ាក់សាំង Pfizer មួយរូប បានបដិសេធមិនផ្តល់សេចក្តី អត្ថាធិប្បាយណាមួយ លើទិន្នន័យពីអ៊ីស្រាអែល នេះទេ ប៉ុន្តែបានលើកឡើងពីការស្រាវជ្រាវ ដទៃ ដែលបង្ហាញថា អង្គបដិប្រាណ ដែលបង្កើតឡើង ដោយថ្នាំវ៉ាក់សាំង នៅតែមានសមត្ថភាព អាចបង្ក្រាបនូវជម្ងឺកូវីដ១៩ គ្រាប់ប្រភេទទាំងអស់ ដែលបានយកមកតេស្តសាកល្បង រួមទាំងជម្ងឺបម្លែងថ្មី Delta ផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

To Top