ព័ត៌មានអន្តរជាតិ

រុស្ស៊ី គាំទ្រផែនការអាស៊ាន លើការដោះស្រាយ វិបត្តិមីយ៉ានម៉ា (Video)

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចប្រឹងប្រែងការទូតអាស៊ីអាគ្នេយ៍ ដើម្បីបញ្ចប់វិបត្តិនៅក្នុងប្រទេសមីយ៉ានម៉ា និងបានបង្ហាញសារស្រដៀងនេះដែរ ទៅកាន់ថ្នាក់ដឹកនាំយោធារបស់មីយ៉ានម៉ា។

នៅក្នុងអំឡុងពេលធ្វើ ទស្សនកិច្ចក្នុងទីក្រុងចាកាតា លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បានមានប្រសាសន៍ប្រាប់ថា ការមូលមតិគ្នាជាឯកច្ឆ័ន្ទចំនួន៥ចំណុច ដែលបានព្រមព្រៀងគ្នា ដោយសមាគមអាស៊ាន គួរតែជាមូលដ្ឋានដែលស្ថានភាព អាចត្រូវដោះស្រាយបាន។

លោក Sergei Lavrov បានមានប្រសាសន៍បន្ថែមទៀតយ៉ាងដូច្នេះថា “នៅក្នុងទំនាក់ទំនងរបស់យើង ជាមួយថ្នាក់ដឹកនាំមីយ៉ានម៉ា ថ្នាក់ដឹកនាំយោធា យើងលើកកម្ពស់គោលជំហររបស់អាស៊ាន ដែលតាមទស្សនៈរបស់យើង គួរតែត្រូវបានចាត់ទុកថា ជាមូលដ្ឋានមួយសម្រាប់ដោះស្រាយវិបត្តិនេះ និងនាំឲ្យស្ថានភាពវិលទៅរកភាពប្រក្រតីធម្មតាវិញ”។

ការថ្លែងដ៏មានសារៈសំខាន់បែបនេះ របស់លោករដ្ឋមន្ត្រីការទេសរុស្ស៊ី គឺត្រូវបានធ្វើឡើង ស្របពេលការទំនាក់ទំនងគ្នាកាន់តែស៊ីជម្រៅ រវាងប្រទេសរុស្ស៊ីនិងយោធារបស់មីយ៉ានម៉ា និងស្របពេលដែលមហាអំណាច ពិភពលោកធំៗនានា ធ្វើការដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំ ជំនួញនិងមេដឹកនាំកំពូលៗ ព្រមទាំងបានស្នើឲ្យបញ្ឈប់ការលក់អាវុធ ឲ្យដល់ប្រទេសមីយ៉ានម៉ា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top