ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ កិច្ចពិភាក្សា អារ៉ាប៊ីសាអូឌីត មានការវិវត្តទៅមុខ ប៉ុន្តែត្រូវការពេលវេលា ដោះស្រាយជម្លោះ

បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីដំណើរវិវត្តទៅមុខ ក្នុងកិច្ចពិភាក្សាគ្នាជាមួយសត្រូវក្នុងតំបន់ គឺប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែបាននិយាយថា ជម្លោះរបស់ពួកគេខ្លះមានភាពស្មុគស្មាញ និងអាចត្រូវការពេលវេលា ដើម្បីដោះស្រាយ។

អារ៉ាប៊ីសាអូឌីត និងសម្ពន្ធមិត្តតំបន់ឈូងសមុទ្រ បន្តធ្វើការដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ ដែលគាំទ្រដល់ភាគី ប្រឆាំងក្នុងជម្លោះក្នុងតំបន់នោះ ជុំវិញកម្មវិធីនុយក្លេអ៊ែ មីស៊ីលផ្លោង និងការគាំទ្ររបស់អ៊ីរ៉ង់ ចំពោះក្រុមពួកសកម្មប្រយុទ្ធនានា ។

ប្រទេសអ៊ីរ៉ង់នៅពេលថ្មីៗនេះ បានធ្វើការរិះគន់ ចំពោះចំណងមិត្តភាពដ៏ជិតស្និទ្ធ របស់បណ្ដាប្រទេសអារ៉ាប់ នៅតំបន់ឈូងសមុទ្រ ជាមួយនឹងសត្រូវដ៏យូរអង្វែងរបស់អ៊ីរ៉ង់ គឺសហរដ្ឋអាមេរិក និងការបែករបស់ប្រទេសទាំងនោះខ្លះ ទៅបង្កើតចំណងមិត្តភាព ប្រក្រតីជាមួយអ៊ីស្រាអែល ដែលជាប្រទេសមួយអ៊ីរ៉ង់មិនទទូលស្គាល់។

មន្ត្រីនាំពាក្យមួយរូបរបស់រដ្ឋាភិបាលអ៊ីរ៉ង់ លោក Ali Rabiei បាននិយាយប្រាប់សន្និសីទកាសែតមួយ ដែលចេញផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋយ៉ាងដូច្នេះថា “ដំណើរវិវត្តទៅមុខយ៉ាងល្អ ត្រូវបានសម្រេចបាននៅក្នុង កិច្ចពិភាក្សាគ្នាទាំងនេះ ហើយក្នុងករណីខ្លះ ជម្លោះអាចមានភាពស្មុគស្មាញ ដែលត្រូវការពេលវេលាធ្វើការដោះស្រាយ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top