Covid-19

ជនជាតិរុស្ស៊ី ជម្លៀសចេញពីកូរ៉េខាងជើង ស្របពេលមានក្តីព្រួយបារម្ភ ពីជម្ងឺកូវីដ១៩

បរទេស៖ ទីក្រុងរុស្ស៊ីមួយ នៅក្នុងប្រទេសកូរ៉េខាងជើង បានក្លាយជាគ្មានមនុស្ស ក្រោយទីក្រុងមូស្គូបានសម្រេច ចិត្តជម្លៀសជនជាតិរុស្ស៊ី ចេញពីប្រទេសឯកោមួយនេះ នេះបើយោងតាមសម្តីស្ថានទូតរុស្ស៊ី ប្រចាំនៅក្នុងទីក្រុងព្យុងយ៉ាងនិយាយ ស្របពេលដែលគម្រោងកូរ៉េខាងជើង សម្រាប់ការចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។

ស្ថានទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយក្នុងសារបង្ហោះលើ បណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃចន្ទថា ជនជាតិរុស្ស៊ីមានចំនួនជាច្រើននាក់ បានធ្វើដំណើរចាកចេញ ដោយសារតែស្ថានភាពផ្ទៃក្នុងកូរ៉េខាងជើង ពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩។

ស្ថានទូតរុស្ស៊ីបាននិយាយដូច្នេះថា “កាលពីថ្ងៃទី០២ ខែកក្កដា សហសេវិកនិងមិត្តជាច្រើននាក់របស់យើង បានវិលត្រឡប់ទៅមាតុភូមិវិញ ដែលអ្នកទាំងនោះ បានធ្វើការងាររួមគ្នា នៅក្នុងអំឡុងពេលកូរ៉ូណាដ៏លំបាក ហើយមន្ត្រីការទូតមួយចំនួន វេជ្ជបណ្ឌិត និងបុគ្គលិកបច្ចេកទេស បានចាកចេញ សាលារៀននិងសាលាមតេយ្យបានបិទទ្វារ”។

“ក្រុងរុស្ស៊ីដែលមានទីតាំងស្ថិតនៅ ចំកណ្ដាលនៃទីក្រុងព្យុងយ៉ាង បានក្លាយជាស្ងាត់ខ្លាំងឡើង ប៉ុន្តែការងារនៃបេសកកម្មការទូត នៅមិនឈប់នោះទេ យើងនៅតែបន្តដើម្បីធ្វើការដោះស្រាយ នូវភារកិច្ចដែលបានប្រគល់ឲ្យយើង” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top