ព័ត៌មានអន្តរជាតិ

ជំងឺកូវីដ-១៩ទម្រង់ថ្មី Delta កំពុងរាលដាលខ្លាំង នៅអាមេរិក

វ៉ាស៊ីនតោន៖ រដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក កំពុងតែមើលឃើញការរីករាលដាល នៃករណី និងការសម្រាកព្យាបាល នៅមន្ទីរពេទ្យ ដោយសារជំងឺកូវីដ-១៩ ដោយសារទម្រង់ឆ្លងថ្មី Delta រីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសនេះ ។

យោងតាមមជ្ឈមណ្ឌលការពារ និងការពារជំងឺ សហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា ករណីកើនឡើង ត្រូវបានគេរាយការណ៍ នៅក្នុងរដ្ឋ ដែលមានអត្រាចាក់វ៉ាក់សាំងទាប ដូចជា Alabama, Arkansas, Louisiana និង Mississippi ។

ទិន្នន័យរបស់ CDC បានបង្ហាញថា អត្រាករណីជំងឺកូវីដ-១៩ ថ្មីៗនេះ មានអត្រាជាមធ្យមខ្ពស់ជាង ៣ ដងនៅក្នុងបណ្ដារដ្ឋ ដែលបានចាក់វ៉ាក់សាំង ចំនួនប្រជាជនតិចជាង នៅរដ្ឋផ្សេងទៀត របស់សហរដ្ឋអាមេរិក ។

បើតាមសម្តីរបស់លោក Ashish Jha ព្រឹទ្ធបុរសសាលាសុខភាពសាធារណៈ នៃសាកលវិទ្យាល័យ Brown នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN បានឲ្យដឹងថា “យើងកំពុងចាប់ផ្តើមមើលឃើញកន្លែង ដែលមានអត្រាចាក់វ៉ាក់សាំងទាប ចាប់ផ្តើមមានកម្រិតខ្ពស់ពីការឆ្លងទម្រង់ថ្មី Delta ។ យើងបានឃើញវានៅរដ្ឋ Arkansas រដ្ឋ Missouri និង Wyoming ទាំងនេះ គឺជាកន្លែងដែលយើង នឹងត្រូវមើលបន្ថែមទៀត”។

លោកបានលើកឡើងថា “ហើយនៅពេលណា ដែលអ្នកមានការផ្ទុះឡើងធំ វាពិតជាក្លាយជាកន្លែងបង្កាត់ពូជ សម្រាប់ទម្រង់ថ្មីកាន់តែច្រើន” ។

បច្ចុប្បន្ននេះប្រហែល ២៥ ភាគរយ នៃការឆ្លងថ្មីនៅក្នុងសហរដ្ឋអាមេរិក ត្រូវបានផ្សារភ្ជាប់ជាមួយ នឹងទម្រង់ឆ្លងថ្មី Delta ដែលកើនឡើងពី ៦ ភាគរយនៅដើមខែមិថុនា នេះបើយោងតាម CDC ៕
ដោយ ឈូក បូរ៉ា

To Top