ព័ត៌មានអន្តរជាតិ

កងកម្លាំងចម្រុះដឹកនាំ ដោយអាមេរិក និងអ៊ុយក្រែន ធ្វើប្រតិបត្តិការយោធានៅសមុទ្រខ្មៅ

បរទេស៖ តាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក អ៊ុយក្រែននិងអង់គ្លេស កំពុងតែធ្វើសហសមយុទ្ធហោះហើរ នៅក្នុងតំបន់នៃសមុទ្រខ្មៅ។

សហសមយុទ្ធយោធា Sea Breeze 2021 នេះ គឺប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដានេះ នៅក្នុងប្រទេសអ៊ុយក្រែន ហើយវានៅតែកំពុងតែបន្ត បើទោះជាមានការចោទប្រកាន់ ពីបទរំលោភអធិបតេយ្យភាព កាលពីចុងខែមិថុនា ជាពេលដែលយន្តហោះរុស្ស៊ី បានបាញ់គ្រាប់ព្រមានទៅលើនាវាអង់គ្លេស។

ព្រឹត្តិការណ៍សមយុទ្ធយោធា Sea Breeze គឺត្រូវបានធ្វើឡើងក្នុងសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិកនិងអ៊ុយក្រែន ក៏ដូចជាការគាំទ្រពីសម្ពន្ធមិត្តណាតូ និងដៃគូនានា វាត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ អស់រយៈពេលជិត២ទសវត្សកន្លះ។

គួរបញ្ជាក់ថា នៅក្នុងសមយុទ្ធនេះ ជាចំនួនសរុប អាមេរិកមានកងទ័ព ៥.០០០នាក់ នាវា៣២គ្រឿង និងយន្តហោះ ៤០គ្រឿង កំពុងតែចូលរួមក្នុងសមយុទ្ធនៅសមុទ្រខ្មៅនេះ ហើយនៅក្នុងឆ្នាំនេះ យន្តហោះមកពីប្រទេសជាដៃគូ កំពុងធ្វើប្រតិបត្តិការចំនួន៦០ នៅតំបន់សមុទ្រខ្មៅ ក្នុងកិច្ចសហការគ្នា ជាមួយការគំាទ្រផ្នែកទ័ពជើងគោកនិងទ័ពជើងទឹក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top