ព័ត៌មានអន្តរជាតិ

មេដឹកនាំ យោធាមីយ៉ានម៉ា៖ រុស្ស៊ីនឹងផ្តល់ថ្នាំវ៉ាក់សាំង ២លានដូស

បរទេស៖មេដឹកនាំយោធានៃប្រទេសមីយ៉ានម៉ា បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសរុស្ស៊ីបានយល់ព្រមផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន២លានដូស ចាប់ពីខែនេះទៅ ស្របពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រាយការណ៍ពីកើនឡើងនៃករណីឆ្លងនិងការស្លាប់។

លោក Min Aung Hlaing ដែលបានដឹកនាំរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី បាននិយាយថា មេរោគកំពុងតែរីករាលដាលយ៉ាងលឿននៅក្នុងប្រទេសមីយ៉ានម៉ា និងថា មន្ត្រីការពារជាតិជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយប្រាប់លោកថា ជំនួយជាមួយថ្នាំវ៉ាក់សាំងកំពុងតែដំណើរការ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសុន្ទរកថាមួយចេញផ្សាយលើទូរទស្សន៍ Myawaddy របស់យោធា មេដឹកនាំយោធាមីយ៉ានម៉ារូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំចង់បានថ្នាំវ៉ាក់សាំង២លានដូស ហើយពួកគេនឹងឲ្យ”។

គួរបញ្ជាក់ថា ប្រទេសមីយ៉ានម៉ា បានរាយការណ៍ពីករណីឆ្លងជម្ងឺកូវីដ១៩ចំនួន៤.៣២០ករណី កាលពីថ្ងៃសុក្រ ជាកំណត់ត្រាមួយសម្រាប់រយៈពេល២ថ្ងៃជាប់គ្នា និងករណីស្លាប់ចំនួន៦៣នាក់។

លោក Min Aung Hlaing កាលពីខែមុន បាននិយាយថា លោកកំពុងតែស្វះស្វែងរកថ្នាំវ៉ាក់សាំងកូវីដ១៩រុស្ស៊ីចំនួន៧លានដូស៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×