ព័ត៌មានអន្តរជាតិ

អាមេរិកព្រមាន ជាថ្មីចំពោះចិន មិនឲ្យវាយប្រហារ លើកងកម្លាំង ហ្វីលីពីន

បរទេស៖សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការព្រមានជាថ្មីចំពោះប្រទេសចិនថា ការវាយប្រហារណាមួយលើកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នៅក្នុងដែនសមុទ្រចិនខាងត្បូង នឹងជំរុញដល់សន្ធិសញ្ញាការពារគ្នាទៅវិញទៅមកឆ្នាំ១៩៥១ រវាងអាមេរិកនិងហ្វីលីពីន។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានធ្វើការថ្លែងយ៉ាងដូច្នេះ នៅក្នុងសេចក្តីថ្លែងការណ៍លាយលក្សណ៍ជាអក្សរមួយ ប្រារព្ធគម្រប់ខួបលើកទី៥នៃសេចក្តីសម្រេចធ្វើឡើងដោយតុលាការ ដែលបដិសេធការអះអាងកម្មសិទ្ធិរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង។

ប្រទេសចិន ដែលបានធ្វើការអះអាងកម្មសិទ្ធិលើភាគច្រើន នៃដែនទឹកស្ថិតក្នុងបន្ទាត់ដែលគេហៅថា Nine Dash Line ជាទីដែលក៏ត្រូវបាន អះអាងកម្មសិទ្ធិដោយព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមនោះ បានធ្វើការលើកឡើង ជាថ្មីនៅថ្ងៃសុក្រសប្ដាហ៍មុនថា ទីក្រុងប៉េកាំងមិនបានទទួលយកតាម សេចក្តីសម្រេចនោះទេ។

ដោយពោលសំដៅដល់ការបដិសេធរបស់រដ្ឋបាល នៃលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពោះការអះអាងកម្មសិទ្ធិរបស់ប្រទេសចិន លើធនធានសមុទ្រស្ថិតក្នុងដែនសមុទ្រខាងត្បូងភាគច្រើននោះ លោក Antony Blinken បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកធ្វើការបញ្ជាក់ជាថ្មី នូវគោលនយោបាយថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០របស់ខ្លួន ចំពោះការអះអាងកម្មសិទ្ធិដែនសមុទ្រ នៅដែនសមុទ្រចិនខាងត្បូង”៕ប្រែសម្រួល៖ប៉ាង កុង

To Top