ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី បិទមជ្ឈមណ្ឌល ចាក់វ៉ាក់សាំង ក្រោយបុគ្គលិក ២០០នាក់ ឆ្លងជម្ងឺកូវីដ១៩

បរទេស ៖ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ ម៉ាឡេស៊ី បាននិយាយថា មជ្ឈមណ្ឌលចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩មួយកន្លែង នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានបញ្ជាឲ្យ បិទសម្រាប់ការធ្វើអនាម័យនៅថ្ងៃអង្គារនេះ ក្រោយអ្នកស្ម័គ្រចិត្ត និងបុគ្គលិកជាង២០០នាក់នៅទីនោះ តេស្តវិជ្ជមានជម្ងឺកូវីដ១៩ កាលពីចុងសប្ដាហ៍ ។

តាមសេចក្តីរាយករណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រី Khairy Jamaluddin បានប្រាប់អ្នកសារព័ត៌មានថា អ្នកដែលឆ្លងជម្ងឺកូវីដ១៩ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកក្កដា នៅមជ្ឈមណ្ឌល ដែលស្ថិតនៅ ចម្ងាយ២៥គីឡូម៉ែត្រខាងក្រៅទីក្រុងកូឡាឡាំពួរនោះ ត្រូវបានណែនាំឲ្យនៅដាច់ដោយឡែក សម្រាប់រយៈពេល១០ថ្ងៃ ។

បើយោងតាមសម្តី លោករដ្ឋមន្ត្រីក្រសួង វិទ្យាសាស្ត្រ ម៉ាឡេស៊ី មជ្ឈមណ្ឌលនោះ មានសមត្ថភាពចាក់ថ្នាំវ៉ាក់សាំងប្រហែល៣.០០០ដូសជារៀងរាល់ថ្ងៃ ហើយក្នុងចំណោមបុគ្គលិក និងអ្នកស្ម័គ្រចិត្ត៤៥៣នាក់ ដែលត្រូវបានពិនិត្យ ២០៤នាក់រកឃើញវិជ្ជមាន ។

គួរបញ្ជាក់ថា ដោយមានករណីឆ្លង ជម្ងឺកូវីដ១៩ សរុបចំនួន៨៤៤.៨៧០ ករណីនោះ ប្រទេសម៉ាឡេស៊ី មានអត្រាឆ្លងខ្ពស់បំផុតមួយ នៅក្នុងចំណោមប្រទេស អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែក៏មានអត្រាចាក់ថ្នាំវ៉ាក់សាំង ខ្ពស់បំផុតមួយ ផងដែរ ដោយ២៥ភាគរយ នៃចំនួនប្រជាជន៣២លាននាក់ របស់ខ្លួន បានទទួលថ្នាំវ៉ាក់សំាងកូវីដ១៩ យ៉ាងហោចណាស់ក៏មួយដូសដែរ ៕ប្រែសម្រួល៖ប៉ាង កុង

To Top