ព័ត៌មានអន្តរជាតិ

ប្រធានអង្គការ UNICEF លោកស្រី Henrietta Fore សម្រេចចិត្ដលាលែងពីតំណែង

យូអិន៖ អង្គការសហប្រជាជាតិ បានប្រកាសថាលោកស្រី Henrietta Fore នាយកប្រតិបត្តិមូលនិធិកុមារ របស់អង្គការសហប្រជាជាតិ (UNICEF) បានជូនដំណឹងដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ អំពីចេតនាលាលែងពីតំណែង “ដើម្បីលះបង់ពេលវេលាខ្លួនឯង ចំពោះបញ្ហាសុខភាពគ្រួសារ” ។

តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលអាចបញ្ជាក់ពីអ្នកនាំពាក្យ របស់លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres បានសម្តែងការយល់ឃើញពេញលេញ អំពីការសម្រេចចិត្តរបស់លោកស្រី Fore ហើយបានទទួលយកវា ដោយការសោកស្តាយយ៉ាងខ្លាំង។

លោកអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី Fore ចំពោះការដឹកនាំដ៏បំផុសគំនិតរបស់អង្គការ UNICEF និងសម្រាប់សេវាកម្មរបស់លោកស្រី ក្នុងការកែលំអជីវិតរស់នៅរបស់កុមារនៅជុំវិញ ជាពិសេសលោកបានកត់សម្គាល់ តួនាទីសំខាន់របស់អង្គការ UNICEF ក្នុងការឆ្លើយតបជាសកល ចំពោះកម្មវិធីជំងឺកូវីដ-១៩ និងក្នុងការអប់រំឡើងវិញ។

ជាលទ្ធផលនៃការដឹកនាំរបស់លោកស្រី ពេលនេះអង្គការ UNICEF គឺជាអង្គការមួយដែលមានភាពទូលំទូលាយ នៃភាពជាដៃគូវិស័យសាធារណៈ និងឯកជន និងផ្តោតការយកចិត្តទុកដាក់ លើការសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។

សេចក្តីថ្លែងការណ៍បានបន្ថែមថា លោកអគ្គលេខាធិការ បានថ្លែងអំណរគុណដល់លោកស្រី Fore ចំពោះការងារឆ្នើមរបស់លោកស្រី ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏អស្ចារ្យ ដែលកុមារ និងយុវវ័យនៅជុំវិញ ពិភពលោកកំពុងប្រឈម។

យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងដឹងថា លោកស្រី Fore បានកាន់តំណែងជានាយកប្រតិបត្តិអង្គការ UNICEF នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ហើយនឹងបន្តនៅក្នុង មុខតំណែងរបស់លោកស្រី រហូតដល់អ្នកស្នងតំណែង បន្ទាប់ត្រូវបានតែងតាំង ៕

ដោយ ឈូក បូរ៉ា

To Top