ព័ត៌មានអន្តរជាតិ

លោក ត្រាំ ធ្លាប់សន្យាថា នឹងលុបចោលសម្ព័ន្ធមិត្ដ រវាងអាមេរិក-កូរ៉េខាងត្បូង ដកខ្លួនចេញពីណាតូ បើលោកជាប់ឆ្នោតឡើងវិញ

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចង្អុលបង្ហាញជំនួយការ ជិតស្និទ្ធរបស់លោកថា លោកនឹង “បំផ្ទុះ” សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង នៅក្នុងអាណត្តិទី ២ របស់លោកក្នុងនាមជាប្រធានាធិបតី ដែលជាការដកស្រង់ចេញពី សៀវភៅនាពេលខាងមុខ បានបង្ហាញនៅថ្ងៃអង្គារម្សិលមិញនេះ។

សៀវភៅដែលមានចំណងជើងថា “ខ្ញុំតែម្នាក់ឯងអាចជួសជុលវាបាន៖ ឆ្នាំចុងក្រោយមហន្តរាយ របស់លោកដូណាល់ ត្រាំ បានចោទប្រកាន់ថា លោកក៏ចង់ដកសហរដ្ឋអាមេរិក ចេញពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ផងដែរ។

យោងតាមការដកស្រង់សម្តី របស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានឲ្យដឹងថា “ជាការពិតលោក ត្រាំ បានបង្ហាញជាលក្ខណៈឯកជនថា លោកនឹងព្យាយាមដកខ្លួនចេញពីណាតូ និងលុបចោលសម្ព័ន្ធមិត្តអាមេរិក ជាមួយកូរ៉េខាងត្បូង ប្រសិនបើលោកឈ្នះ ការបោះឆ្នោតឡើងវិញ។

សៀវភៅនេះត្រូវបានសហការ រៀបចំឡើងដោយអ្នកកាសែត Washington Post ពីររូបគឺលោកស្រី Carol Leonnig និង Philip Rucker ហើយគ្រោងនឹងត្រូវបានចេញផ្សាយ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

ពួកគេបានសរសេរថា“ នៅពេលសម្ព័ន្ធភាពទាំងនោះបានកើតឡើងនៅក្នុងការប្រជុំជាមួយ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mark Esper និងជំនួយការដ៏ទៃទៀត ទីប្រឹក្សាមួយចំនួនបានព្រមានលោក ត្រាំ ថាការបំផ្លាញពួកគេមុនពេលបោះឆ្នោត នឹងបង្កគ្រោះថ្នាក់នយោបាយ” ។

លោក ត្រាំ បានចាញ់ការបោះឆ្នោត ឆ្នាំ២០២០ ដោយសំឡេងគាំទ្រដ៏ច្រើនជិត ៨ លានសន្លឹកប៉ុន្តែនៅតែបន្តអះអាងថា ការបោះឆ្នោតនេះត្រូវបានគេបន្លំសន្លឹកឆ្នោត ហើយមនុស្សជាច្រើនជឿថា លោកអាចឈរឈ្មោះជា ប្រធានាធិបតីម្តងទៀតនៅឆ្នាំ២០២៤ ៕

ដោយ ឈូក បូរ៉ា

To Top