ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប អនុម័តផែនការស្តារសេដ្ឋកិច្ច ប្រទេសសមាជិកចំនួន១២

បរទេស៖ សហភាពអឺរ៉ុប បានទទួលយកផែនការស្តារសេដ្ឋកិច្ច នៃរដ្ឋជាសមាជិកចំនួន១២ កាលពីថ្ងៃចន្ទ ដោយផ្តល់ឲ្យពួកគេនូវភ្លើងខៀវ ដើម្បីប្រើប្រាស់មូលនិធិសហភាពអឺរ៉ុប ជំរុញបង្កើនសេដ្ឋកិច្ចខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែងយកឈ្នះ ឥទ្ធិពលការរាតត្បាតនៃជម្ងឺកូវីដ១៩ លើសេដ្ឋកិច្ច។

ក្រុមរដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុប បានអនុម័តចំពោះផែនការ របស់ប្រទេសអូទ្រីស ប៊ែលហ្ស៊ិក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ក្រិក អ៊ីតាលី ឡាតវី លុចហ្សំបួរ ព័រទុយហ្គាល់ ស្លូវ៉ាគី និងអេស្ប៉ាញ ដែលបានស្នើសុំឲ្យ ផ្តល់ហិរញ្ញប្បទានជាមុន ពីមូលដ្ឋានបម្រុងរបស់ពួកគេ។

ក្រុមប្រឹក្សាអឺរ៉ុប ដែលត្រួតពិនិត្យមើលអាទិភាព នយោបាយសហភាពអឺរ៉ុប ជាដំបូងឡើយ បានផ្តល់ការត្រួតពិនិត្យ ដល់ផែនការនៃប្រទេសទាំងនោះ នៅក្នុងខែមិថុនា សម្រាប់ការផ្តល់ហិរញ្ញប្បទានជាមុន ហើយការសម្រេចចិត្តកាលពីថ្ងៃអង្គារ បានអនុញ្ញាតឲ្យពួកគេធ្វើការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្បទាននិងកម្ចី សម្រាប់មូលនិធិបម្រុងបានរហូតដល់ទៅ ១៣ភាគរយ។

លោក Andrej Sircelj រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសស្លូវេនី បានមានប្រសាសន៍ថា ការសម្រេចចិត្តកាលពីថ្ងៃអង្គារ ដើម្បីអនុម័តជិតពាក់កណ្ដាលនៃ ផែនការជាតិដែលបានបង្ហាញនោះ គឺជាការបោះជំហានទៅមុខដ៏ធំមួយ ក្នុងការស្តារសេដ្ឋកិច្ចអឺរ៉ុបឡើងវិញ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top