ព័ត៌មានអន្តរជាតិ

សហភាពអារ៉ាប់រួម បើកស្ថានទូតដំបូង នៅអ៊ីស្រាអែល

បរទេស៖ ប្រទេសសហភាពអារ៉ាប់រួម តាមសេចក្តីរាយការណ៍ បានបើកសម្ភោធស្ថានទូតដំបូងរបស់ខ្លួន នៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធម្សិលមិញនេះ ក្រោយរយៈពេល២សប្ដាហ៍ បន្ទាប់ពីអ៊ីស្រាអែល បានបើកសម្ភោធស្ថានទូតខ្លួនមួយ នៅក្នុងប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ស្ថានទូតសហភាពអារ៉ាប់រួមនោះ មានទីតាំងស្ថិតនៅអគារផ្សារភាគហ៊ុន Stock Exchange ក្នុងទីក្រុងតេលអាវីវ។

ពិធីសម្ភោធបើកស្ថានទូតថ្មីនេះ គឺជាការបង្ហាញនូវការបោះជំហានថ្មីមួយ ក្នុងចំណងមិត្តភាពការទូតរវាងប្រទេសទាំងពីរ ដែលបានចាប់ផ្តើមក្នុងរយៈពេល ប្រហែលមួយឆ្នាំកន្លងមក ហើយការហោះហើរ យន្តហោះពាណិជ្ជកម្មដំបូង រវាងប្រទេសទាំងពីរ បានចាប់ផ្តើមកាលពីខែវិច្ឆិកាឆ្នាំមិញ។

យោងតាមកាសែត The Times of Israel ឯកអគ្គរាជទូតសហភាពអារ៉ាប់រួម ប្រចាំនៅអ៊ីស្រាអែល លោក បានមានប្រសាសន៍នៅក្នុងពិធីសម្ភោធ កាលពីថ្ងៃពុធម្សិលមិញនេះថា “វាជាកិត្តិយសដ៏អស្ចារ្យមួយ ក្នុងការបើកសម្ភោធស្ថានទូតនៅទីនេះ។ កាលពី១០ខែមុន ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham Accords ជាមួយចក្ខុវិស័យនៃសាមគ្គីភាព វិបុលភាព និងសន្តិភាពសម្រាប់ ប្រជាជនប្រទេសទាំងពីរ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top