ព័ត៌មានអន្តរជាតិ

ទឹកជំនន់នៅអាល្លឺម៉ង់ សម្លាប់មនុស្ស យ៉ាងហោចណាស់ ៣៣នាក់ ខណៈច្រើននាក់ទៀតបាត់ខ្លួន

បរទេស៖ មនុស្សយ៉ាងហោចណាស់ ៣៣នាក់ បានបាត់បង់ជីវិត ដោយសារហេតុការណ៍ គ្រោះធម្មជាតិទឹកជំនន់ នៅភាគខាងលិច នៃប្រទេសអាល្លឺម៉ង់ និងមនុស្សជាច្រើននាក់ទៀត នៅបន្តបាត់ខ្លួននៅឡើយ។

យោងតាមការចេញផ្សាយ របស់ BBC បានបញ្ជាក់ថាទឹកជំនន់ ដែលត្រូវបានចាត់ទុកថា ជាគ្រោះធម្មជាតិដ៏អាក្រក់បំផុត មិនធ្លាប់មាន របស់អាល្លឺម៉ង់លើកនេះ បានកើតឡើងនៅក្នុងរដ្ឋ Rhineland-Palatinate និងរដ្ឋ North Rhine-Westphalia ដោយក្នុងនោះសូម្បីតែអគារ និងរថយន្តជាច្រើន ក៏ត្រូវបោកបក់ទៅជាមួយ នឹងទឹកហូរថែមទៀតផង។

ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង របស់ប៉ូលីស និងយោធាជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយ ទៅកាន់តំបន់រងគ្រោះ ដើម្បីជួយពលរដ្ឋដែលកំពុងជាប់គាំង នៅលើទីទួល និងគេហដ្ឋានរបស់ពួកគេ។

ទឹកជំនន់ភ្លាមៗនេះបានកើតឡើង ក្រោយពេលដែលភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារ នៅក្នុងតំបន់អ៊ឺរ៉ុប ភាគខាងលិច ហើយទឹកជំនន់នេះ ក៏បានធ្វើឲ្យប៉ះពាល់ផ្នែកខ្លះ នៅក្បែរព្រំដែន ជាមួយនឹងប៊ែលហ្ស៊ិក និងប្រទេសហូឡង់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

To Top