ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្រប្រយុទ្ធ Black Hawk របស់អាមេរិក បង្ខំចុះចតនៅកណ្តាល ផ្លូវក្នុងរដ្ឋធានី Bucharest

បរទេស៖ ឧទ្ធម្ភាគចក្រប្រយុទ្ធមួយគ្រឿងរបស់សហរដ្ឋអាមេរិកបានធ្វើការចុះចតជាបន្ទាន់នៅតាមដងផ្លូវក្នុងទីក្រុង Bucharest ប្រទេស រ៉ូម៉ានី ដែលធ្វើឱ្យខូចខាតដល់បង្គោលភ្លើងចំនួន ២ និងបញ្ឈប់ចរាចរណ៍នៅតំបន់នោះ។ មិនមានរបាយការណ៍អំពីគ្រោះថ្នាក់ និងអ្នករងរបួសណាម្នាក់កើតឡើងនៅក្នុង ឧប្បត្តិហេតុកាលពីថ្ងៃព្រហស្បតិ៍ឡើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងវីដេអូមួយដែលបានលេចចេញនៅលើបណ្តាញសង្គមកាលពីព្រឹកព្រលឹមនោះ គឺឧទ្ធម្ភាគចក្រពហុមុខងារ Black Hawk ត្រូវបានគេមើលឃើញថា បានហោះយ៉ាងទាបពីលើរថយន្តដែលធ្វើដំណើរតាមដងផ្លូវ មុនពេលវាបានប៉ះបំផ្លាញអំពូលភ្លើងតាមផ្លូវសាធារណៈ។

ឧប្បត្តិហេតុបានរាយការណ៍ថា ឧទ្ធម្ភាគចក្របានហោះជាផ្នែកមួយនៃក្រុមយន្តហោះចំនួន ៦ ដែលបានហាត់សមនៅមុនព្រឹត្តិការណ៍ដើម្បីអបអរសាទរទិវាកងទ័ពអាកាសរ៉ូម៉ានី និងចុងបញ្ចប់នៃបេសកកម្មយោធារ៉ូម៉ានីនៅអាហ្វហ្គានីស្ថាន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២០-២១ ខែកក្កដា។

ស្ថានទូតអាមេរិក ប្រចាំនៅទីក្រុង Bucharest ប្រទេស រ៉ូម៉ានី បាននិយាយថា ពួកគេកំពុងព្យាយាមបញ្ជាក់ព័ត៌មានលំអិតទាក់ទងនឹងឧប្បត្តិហេតុនេះ ដែលត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅពេលដែលឧទ្ធម្ភាគចក្រវាយប្រហារអាមេរិកកំពុងចូលរួមក្នុងការហាត់សមសម្រាប់ការសម្តែងទ័ពអាកាសរបស់ប្រទេសរ៉ូម៉ានី៕

ប្រែសម្រួលៈ ណៃ តុលា

To Top