ព័ត៌មានអន្តរជាតិ

អាមេរិក សម្រេចបញ្ជូនកងទ័ព ទៅកាន់ប្រទេសហៃទី ក្រោយប្រធានាធិបតី ត្រូវបានធ្វើឃាត

វ៉ាស៊ីនតោន៖ អាមេរិក សម្រេចបញ្ជូនកងទ័ពទៅកាន់ប្រទេសហៃទី ក្រោយប្រធានាធិបតីត្រូវបានធ្វើឃាត ដើម្បីធានានូវសន្ដិសុខ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបសលប្រទេសនេះពីភាពចលាចលណាមួយដែលអាចកើតឡើង។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សហរដ្ឋអាមេរិក កំពុងតែបញ្ជូនកងម៉ារីន ដើម្បីពង្រឹងសន្តិសុខនៅស្ថានទូតរបស់ខ្លួន នៅប្រទេសហៃទី តែគំនិតនៃការបញ្ជូនកងទ័ពអាមេរិក ទៅក្នុងប្រទេសការ៉ាបៀន គឺមិនមាននៅក្នុងរបៀបវារៈនោះទេ។

ក្នុងពេលធ្វើសន្និសីទកាសែតរួមគ្នានៅឯសេតវិមានជាមួយអធិការបតីអាល្លឺម៉ង់លោកស្រីអែនជេឡា មឺកែល បានឲ្យដឹងថា“ យើងគ្រាន់តែបញ្ជូនកងម៉ារីនអាមេរិក ទៅស្ថានទូតរបស់យើង” ។ លោក បៃដិន បានលើកឡើងថា“ គំនិតនៃការបញ្ជូនកងកម្លាំងអាមេរិកទៅកាន់ប្រទេសហៃទី គឺមិនមាននៅក្នុងរបៀបវារៈនោះទេ។

រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសហៃទីបានស្នើឱ្យសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសនេះ ដើម្បីធានានូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ទាប់ពីការធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moise ។

លោក Moise ត្រូវបានគេបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា នៅឯគេហដ្ឋាន Port-au-Prince របស់លោក។ ការធ្វើឃាតនេះបានកើតឡើងជាងពីរខែមុន ការបោះឆ្នោតប្រធានាធិបតី និងនីតិកាលរបស់ប្រទេស ដែលគ្រោងធ្វើនៅថ្ងៃទី២៦ ខែកញ្ញា៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×