ព័ត៌មានអន្តរជាតិ

អាមេរិក និងសម្ព័ន្ធមិត្ដ រួមដៃគ្នាថ្កោលទោសចិន ជុំវិញការវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណិត

វ៉ាស៊ៅនតោន៖ សហរដ្ឋអាមេរិក ជប៉ុន ណាតូ និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកផ្សេងទៀត បានចាត់វិធានការសម្របសម្រួល ដើម្បីថ្កោលទោសទីក្រុងប៉េកាំង ជុំវិញការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងតួអង្គ ដែលជាប់ទាក់ទងនឹងរដ្ឋ ដែលជាសកម្មភាពមួយ ដែលអាចបន្ថែមភាពតានតឹងបន្ថែមទៀត ដល់ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន។

សហរដ្ឋអាមេរិក ក៏បានស្តីបន្ទោសក្រសួងសន្តិសុខរដ្ឋចិន ចំពោះតួនាទីរបស់ខ្លួនក្នុងការសម្របសម្រួលដ៏ធំមួយនៃ សូហ្វវែរអ៊ីម៉ែលផ្លាស់ប្តូរអ៊ីនធឺណិត របស់ក្រុមហ៊ុន Microsoft Corp ដែលភាពងាយរងគ្រោះ ត្រូវបានបង្ហាញនៅក្នុងខែមីនា ដោយលើកឡើងថា វាត្រូវបានធ្វើឡើងដោយ “ក្រុម Hacker ” ដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារស៊ើបការណ៍ចិន។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានលើកឡើងថា“ សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅជុំវិញពិភពលោក កំពុងធ្វើឱ្យសាធារណរដ្ឋប្រជាមានិតចិន ទទួលខុសត្រូវចំពោះគំរូនៃការមិនទទួលខុសត្រូវ ការរំខាន និងអស្ថិរភាពនៅក្នុងវិស័យអ៊ីនធឺណិត ដែលបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខសេដ្ឋកិច្ច និងជាតិរបស់យើង” ។

រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab បានលើកឡើងថា ការវាយលុកតាមអ៊ីនធឺណិតលើក្រុមហ៊ុន Microsoft ផ្លាស់ប្តូរម៉ាស៊ីនមេ ដោយក្រុមគាំទ្រដោយរដ្ឋចិន គឺជា“ ឥរិយាបទ ដែលមិនចេះពិចារណា ប៉ុន្តែស្រៀងនឹងឥរិយាបទបែបនោះ ហើយបានទាមទារឱ្យរដ្ឋាភិបាលចិនបញ្ឈប់ការវាយលុកតាមប្រព័ន្ធអ៊ីនធឺណិតជាបន្ទាន់” ។

ប្រទេសជប៉ុន បានឲ្យដឹងផងដែរថា ខ្លួនគាំទ្រយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក អង់គ្លេស និងបណ្តាប្រទេសដទៃទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់នៅក្នុងបណ្តាញអ៊ីនធឺណិត។

រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Tomoyuki Yoshida បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ សកម្មភាពព្យាបាទតាមអ៊ិនធឺណិត ដែលអាចធ្វើឱ្យអន្តរាយដល់មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានបង្កើតឡើងដោយប្រព័ន្ធអ៊ីនធឺណិតសេរី យុត្តិធម៌ និងសុវត្ថិភាព មិនអាចត្រូវបានគេបដិសេធបានឡើយ” ។

យោងតាមមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់បានឲ្យដឹងថា ក្រុមសម្ព័ន្ធមិត្ត និងដៃគូដែលមិនធ្លាប់មានពីមុនមកចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការលាតត្រដាង និងការរិះគន់ទៅលើសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលបង្កគ្រោះថ្នាក់របស់ចិន រួមមានប្រទេសជប៉ុន អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង សហភាពអឺរ៉ុប អូស្ត្រាលី អង់គ្លេសកាណាដា និងនូវែលសេឡង់៕ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top