ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារ កាំភ្លើងធំសងសឹក ទៅលើលីបង់

បរទេស៖ កងកម្លាំងការពារជាតិ នៃប្រទេសអ៊ីស្រាអែល បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា ខ្លួនបានបាញ់កាំភ្លើងធំទៅលើលីបង់ ក្នុងដំណើរសងសឹកចំពោះគ្រាប់រ៉ុកកែត ដែលបាញ់សំដៅមកលើអ៊ីស្រាអែល ពីប្រទេសជិតខាង នៅតំបន់មជ្ឈិមបូព៌ាមួយនេះ។

កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយប្រាប់ថា ខ្លួនបានបាញ់កាំភ្លើងធំលើលីបង់ ជាការឆ្លើយតបចំពោះគ្រាប់រ៉ុកកែតពីរគ្រាប់ ដែលបាញ់សំដៅមកលើខ្លួន បណ្ដាលឲ្យមានសម្លេងសឺរ៉ែនរោទិ៍ នៅទូទាំងប្រទេសអ៊ីស្រាអែលភាគខាងជើង ហើយគ្រាប់រ៉ុកកែតមួយគ្រាប់ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome ចំណែករ៉ុកកែតគ្រាប់ទីពីរ បានធ្លាក់ក្នុងទីទំនេរមួយកន្លែង នៅខាងក្នុងប្រទេសអ៊ីស្រាអែល។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារជាតិនៃប្រទេសអ៊ីស្រាអែល បាននិយាយយ៉ាងដូច្នេះថា “យើងនៅតែត្រៀមខ្លួន ដើម្បីការពារអ៊ីស្រាអែល គ្រប់លើសមរភូមិជួរមុខទំាងអស់”។

ចំណែកទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ស៊ីរី ឈ្មោះ SANA បានរាយការណ៍ថា គ្រាប់កាំភ្លើងធំអ៊ីស្រាអែលទំាងនោះ ត្រូវបានរារាំងដោយយោធា នៅក្នុងតំបន់ជុំវិញនៃទីក្រុង al-Safira ក្នុងតំបន់ជាយក្រុងនៃទីក្រុងអាឡេប៉ូ ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានកម្ទេចឃ្លាំងអាវុធអ៊ីរ៉ង់ តែគ្មានរបាយការណ៍ពីជនរងគ្រោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×