ព័ត៌មានអន្តរជាតិ

ជប៉ុន ដកតំណែងអនុប្រធាន បេសកកម្មប្រចាំក្រុងសេអ៊ូល ក្រោយប្រើពាក្យសម្ដី ប្រមាថធ្ងន់ធ្ងរលើ ប្រធានាធិបតីកូរ៉េខាងត្បូង

តូក្យូ៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថាអ្នកការទូតជាន់ខ្ពស់ជប៉ុន និងកូរ៉េខាងត្បូង នៅតែឃ្លាតឆ្ងាយពីគ្នាលើបញ្ហា ដែលទាក់ទងនឹងប្រវត្តិសាស្រ្តសង្គ្រាមនៅពេលដែលពួកគេយល់ព្រមបន្តការសន្ទនាគ្នា នៅពេលដែលភាពតានតឹង បានផ្ទុះឡើងជាថ្មីជុំវិញការលើកឡើងរបស់មន្រ្តីស្ថានទូតជប៉ុន នៅទីក្រុងសេអ៊ូល។

នៅក្នុងជំនួបរបស់អ្នកទាំងពីរ នៅទីក្រុងតូក្យូអនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន Takeo Mori និងសមភាគីកូរ៉េខាងត្បូងលោក ឆយ ជុងគុណ ក៏បានលើកឡើងពីការកត់សម្គាល់របស់មន្រ្តី ដែលបានប្រើរូបភាពផ្លូវភេទ នៅពេលនិយាយសំដៅ ដល់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សាថា លោក ឆយ អនុរដ្ឋមន្រ្តីការបរទេសទីមួយ បានធ្វើការតវ៉ាជុំវិញការអត្ថាធិប្បាយមិនសមរម្យ ដែលធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់ នៅឯស្ថានទូតជប៉ុនប្រចាំនៅកូរ៉េខាងត្បូង ដោយស្នើសុំឱ្យជប៉ុន ចាត់វិធានការជាបន្ទាន់”។

ចំណងទាក់ទងរវាងប្រទេសជិតខាងអាស៊ីទាំងពីរនៅតែជាប់គាំង ចំពោះបញ្ហាដែលបណ្តាលមកពីការគ្រប់គ្រងរបស់អាណានិគមជប៉ុន នៅឧបទ្វីបកូរ៉េរវាងឆ្នាំ ១៩១០ និង ១៩៤៥ ដូចជាបញ្ហាពលកម្មក្នុងពេលមានសង្គ្រាម និងបញ្ហាសំណងក៏ដូចជាបញ្ហាស្ត្រីទាសករផ្លូវភេទនៅក្នុងផ្ទះបនយោធាសម័យសង្គ្រាមរបស់ជប៉ុន។

ប្រភពពីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងដកលោក Hirohisa Soma អនុប្រធានបេសកកម្មរបស់ខ្លួនចេញពីប្រទេសកូរ៉េខាងត្បូង ចេញពីមុខតំណែងរបស់លោក នៅឯស្ថានទូត ចំពោះការកត់សម្គាល់របស់លោក ដែលបានពណ៌នាកិច្ចប្រឹងប្រែងការទូតរបស់លោកមូនទាក់ទងនឹងជប៉ុន – កូរ៉េខាងត្បូងថា ជាការសម្រេចកាមដោយខ្លួនឯង។

ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃដដែលនោះថា លោកមូន នឹងលុបចោលផែនការរបស់លោក ដើម្បីធ្វើទស្សនកិច្ចនៅរដ្ឋធានីជប៉ុន សម្រាប់ការបើកអូឡាំពិកទីក្រុងតូក្យូ។ លោកមូន និងនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលលើកដំបូង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ៕ ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top