ព័ត៌មានអន្តរជាតិ

រុស្ស៊ី​​ កំពុងធ្វើការងារ យ៉ាងជិតស្និទ្ធ ជាមួយមីយ៉ានម៉ា លើការផ្គត់ផ្គង់ សម្ភារៈយោធា

បរទេស៖ ប្រធាននៃក្រុមហ៊ុននាំចេញអាវុធ រដ្ឋរបស់ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា ទីក្រុងមូស្គូ កំពុងតែសហការគ្នាយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលយោធា នៃប្រទេសមីយ៉ានម៉ា ក្នុងការផ្គត់ផ្គង់ឲ្យប្រទេសនេះ នូវសម្ភារៈយោធា ដែលរួមមានទាំងយន្តហោះផង។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euro News នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា សកម្មជនសិទ្ធិមនុស្ស បានចោទប្រកាន់ទីក្រុងមូស្គូ ពីបទធ្វើរបបយោធា ដែលដណ្ដើមអំណាច ដោយរដ្ឋប្រហារ ថ្ងៃទី០១ខែកុម្ភៈ ឲ្យមានភាពស្របច្បាប់ តាមរយៈការបន្តដំណើរ ទស្សនកិច្ចទ្វេភាគី និងកិច្ចព្រមព្រៀងលក់អាវុធ។

លោក Alexander Mikheev ជាប្រធានក្រុមហ៊ុន Rosoboronexport ត្រូវបានកាសែតរុស្ស៊ី Interfax ដកស្រង់សម្តីយ៉ាងដូច្នេះថា “មានប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងយើង លើការផ្គត់ផ្គង់ផលិតផលយោធា ដែលរួមមានទាំងយន្តហោះផង”។ ប៉ុន្តែលោកមិនបានផ្តល់ សេចក្តីលម្អិតបន្ថែមទៀតនោះទេ។

លោកបានធ្វើការពិណ៌នាថា ប្រទេសមីយ៉ានម៉ា គឺជាអតិថិជនដ៏ចម្បងមួយ របស់ក្រុមហ៊ុន Rosoboronexport នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាដៃគូដ៏សំខាន់មួយ របស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនរដ្ឋដ៏ធំ ផ្នែកអាកាសចរណ៍ និងសម្ភារៈការពារជាតិ របស់ប្រទេសរុស្ស៊ី៕ ប្រែសម្រួល៖ប៉ាង កុង

To Top