ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត ២៤នាក់ និងបាត់ខ្លួន៣១នាក់ ក្រោយពីព្យុះ វាយពន្លិចទូកនេសាទ ១៨គ្រឿង នៅឥណ្ឌូនេស៊ី

ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា អ្នកសង្គ្រោះ ជាន់ខ្ពស់ ប្រចាំខេត្តបានឲ្យដឹង កាលពីថ្ងៃពុធថា ក្រុមជួយសង្គ្រោះ បានរកឃើញសាកសព ចំនួន២៤នាក់ និងនៅតែរក្សាការរុករកអ្នក បាត់ខ្លួនផ្សេងទៀត ចំនួន៣១នាក់ បន្ទាប់ពីនាវាចំនួន១៨គ្រឿង បានរងការវាយពន្លិច ដោយព្យុះ នៅខេត្ត West Kalimantan នៅភាគកណ្តាល ប្រទេសឥណ្ឌូនេស៊ី កាលពីប៉ុន្មានថ្ងៃមុន ។

លោក Yopi Haryadi ប្រធានការិយាល័យរុករក និងជួយសង្គ្រោះប្រចាំខេត្ត បាននិយាយថា ឧប្បត្តិហេតុនេះ បានកើតឡើង នៅក្នុងស្រុក Sambas នៅពេលដែលទូក ដឹកទំនិញចំនួន២គ្រឿង និងទូកនេសាទជាច្រើនគ្រឿងទៀត ដែលស្ថិតនៅទីតាំង ជិតតំបន់ឆ្នេរ ហើយទូកផ្សេងៗ ទៀត បានកំពុងតែធ្វើដំណើរ តាមផ្លូវទឹករៀងៗខ្លួន ដែលឆ្លើយ តបទៅនឹងការព្រមាន ពីទីភ្នាក់ងារអាកាសធាតុ ដែលអាចមានលក្ខខណ្ឌ មិនអំណោយផលកើតឡើង ។

គាត់បានប្រាប់ស៊ិនហួ តាមទូរស័ព្ទថា “ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៤នាក់ ជាមួយគ្នានេះដែរ ៣១នាក់ នៅតែបន្តបាត់ខ្លួន ដែលជាគោលដៅ នៃប្រតិបត្តិការរបស់យើង ក្នុងការរុករក និងជួយសង្គ្រោះ” ។

លោក Haryadi បាននិយាយថា ព្យុះបានវាយប្រហារមកលើតំបន់ រយៈពេល២ថ្ងៃកាលមួយសប្តាហ៍ កន្លងទៅនេះ ។
គាត់បាននិយាយថា សរុបមានពលរដ្ឋចំនួន៨៣នាក់ នៅលើទូកទាំងនោះ ដែលត្រូវបានជួយសង្គ្រោះ ឲ្យមានសុវត្ថិភាព ក្នុងអំឡុងពេលប្រតិបត្តិការរុករក និងជួយសង្គ្រោះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top