ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជឿជាក់ថា បេក្ខជនជ័យលាភីអាហារូបករណ៍ឆ្នាំ២០២១ ចំនួន២៤រូប ទៅសិក្សានៅប្រទេសជប៉ុន នឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្រេបយកចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសជាតិឲ្យរុងរឿងថែមទៀត។
![](https://dap-news.com/wp-content/uploads/2021/07/photo_2021-07-23_09-35-12-1024x682.jpg)
ក្នុងជំនួបសម្ដែងការគួរសម និងផ្ដល់អនុសាសន៍ មុនពេលនិស្សិតខ្មែរចេញដំណើរទៅបន្តការសិក្សានៅជប៉ុន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក ស៊ុន ចាន់ថុល បានថ្លែងថា «សូមកោតសរសើរ និងអបអរសាទរដល់បេក្ខជនជ័យលាភីទាំងអស់ដែលបានទទួលអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសជប៉ុន និងសង្ឃឹមជឿជាក់ថា បេក្ខជនជ័យលាភីទាំងអស់ នឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធន៍ថ្មីៗនៅប្រទេសជប៉ុន ដើម្បីចូលរួមជួយអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិយើងឲ្យបានរុងរឿងថែមទៀត»។
![](https://dap-news.com/wp-content/uploads/2021/07/photo_2021-07-23_09-35-15-1024x592.jpg)
លោកបន្ដថា ធនធានមនុស្សជាកត្តាសំខាន់ដែលត្រូវតែខិតខំប្រឹងប្រែងបណ្ដុះបណ្ដាល ដើម្បីចូលរួមកសាងប្រទេសស្របតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែក្រើនរំលឹកថា ដើម្បីកសាងប្រទេសជាតិមាតុភូមិឲ្យបានរុងរឿង «យើងត្រូវមាន ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស»។
![](https://dap-news.com/wp-content/uploads/2021/07/photo_2021-07-23_09-35-18-1024x682.jpg)
ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី ក៏បានណែនាំបេក្ខជនជ័យលាភីឲ្យខិតខំប្រឹងប្រែងរៀនសូត្រ បំពេញកាតព្វកិច្ចជាកូនខ្មែរ រក្សាអាកប្បកិរិយាល្អ ប្ដេជ្ញាចិត្តក្រេបជញ្ជក់ចំណេះដឹង អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមច្បាប់ទម្លាប់ និងវិន័យរបស់សាលា ត្រូវរៀនឲ្យចេះ រៀនឲ្យចប់ ដើម្បីយកចំណេះដឹង និងបទពិសោធន៍មកជួយកសាង ប្រទេសជាតិមាតុភូមិ មិនត្រឹមតែសិក្សានៅលើតែក្រដាស និងសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវស្វែងយល់ បទពិសោធន៍ក្នុងសង្គម និងការរស់នៅរបស់ប្រទេសគេ ។ លោកក៏បានផ្តាំផ្ញើឲ្យបេក្ខជនជ័យលាភីទាំងអស់ ធ្វើខ្លួនជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈជួយផ្សព្វផ្សាយអំពីប្រទេសកម្ពុជាផងដែរ ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)