ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូនអ្នកការទូត ទៅឥណ្ឌា និងរដ្ឋមន្រ្តីការពារជាតិ ទៅអាស៊ីអាគ្នេយ៍ ដើម្បីរឹតចំណង ទំនាក់ទំនង ឥណ្ឌូ-ប៉ាស៊ីហ្វិក (Video)

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋមន្រ្តីក្រសួងការបរទេស Antony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា នៅសប្តាហ៍ក្រោយ នៅក្នុងអ្វីដែលជាដំណើរលើកដំបូង របស់លោកទៅកាន់ ប្រទេសលទ្ធិប្រជាធិបតេយ្យ សំខាន់របស់ឥណ្ឌូ – ប៉ាស៊ីហ្វិក ក្នុងនាមជាអ្នកការទូតកំពូល នៃរដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីការពារជាតិ Lloyd Austin នឹងចាកចេញសម្រាប់ដំណើរ ទៅកាន់ប្រទេសសិង្ហបុរី វៀតណាម និងហ្វីលីពីន ដែលធ្វើឱ្យលោកក្លាយជា សមាជិកដំបូង នៃគណៈរដ្ឋមន្រ្តី របស់លោក បៃដិន ដែលបានធ្វើទស្សនកិច្ច នៅអាស៊ីអាគ្នេយ៍។

ដំណើរទាំងពីរនេះបញ្ជាក់ ពីការសង្កត់ធ្ងន់របស់រដ្ឋបាល លោក បៃដិន លើតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកដែលប្រឈមមុខ នឹងការអះអាង និងទាមទារកាន់តែខ្លាំងឡើង របស់ចិន រួមទាំងការទាមទារទឹកដី ដែលលាតសន្ធឹង នៅសមុទ្រចិនខាងត្បូង។

ក្រសួងការបរទេសបានឲ្យដឹងថា នៅទីក្រុងញូវដែលី នៅថ្ងៃពុធលោក Blinken គ្រោងនឹងជួបជាមួយ នាយករដ្ឋមន្រ្តីលោក Narendra Modi និងរដ្ឋមន្រ្តីការបរទេស Subrahmanyam Jaishankar ដើម្បីពិភាក្សា អំពីកិច្ចសហប្រតិបត្តិការរបស់ពួកគេ លើកិច្ចប្រឹងប្រែងឆ្លើយតប នឹងមេរោគឆ្លងវីរុសនេះ។

ប្រទេសឥណ្ឌា គឺជាសមាជិក នៃអ្វីដែលគេហៅថា Quad ដែលពាក់ព័ន្ធនឹង លទ្ធិប្រជាធិបតេយ្យឥណ្ឌូ – ប៉ាស៊ីហ្វិក ចំនួន ៣ ផ្សេងទៀត គឺសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី។ ក្រុមនេះត្រូវបានគេមើលឃើញថា ជាក្រុមប្រឆាំងនឹងការកើនឡើង នៃប្រទេសចិន ដែលរដ្ឋបាលលោក បៃដិន ចាត់ទុកថាជាស្វ័យភាព ដែលកំពុងប្រឈម នឹងបទបញ្ជាអន្តរជាតិ ដែលផ្អែកលើច្បាប់។

កិច្ចពិភាក្សារបស់លោក Blinken ជាមួយមន្រ្តីឥណ្ឌា អាចរួមបញ្ចូលទាំងផែនការ រៀបចំកិច្ចប្រជុំកំពូល Quad ដោយផ្ទាល់ នៅទីក្រុងវ៉ាស៊ីនតោន នារដូវស្លឹកឈើជ្រុះខាងមុខនេះ។ រដ្ឋលេខាធិការនឹងវិលត្រឡប់ ទៅកាន់រដ្ឋធានី របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ បន្ទាប់ពីបានធ្វើដំណើរទៅកាន់ ប្រទេសគុយវ៉ែតផងដែរ។

លោក Dean Thompson លេខាធិការជំនួយការ នៃនាយកដ្ឋានកិច្ចការ អាស៊ីខាងត្បូង និងអាស៊ីកណ្តាល បានឲ្យដឹងថា ការទាក់ទង Quad ត្រូវបានគេរំពឹងថា ជាផ្នែកមួយនៃការសន្ទនា ប៉ុន្តែមិនបានផ្តល់ពេលវេលា ជាក់លាក់ណាមួយ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រី ឬកិច្ចប្រជុំកំពូល ដែលអាចកើតមាន នាពេលខាងមុខនោះទេ៕​​ ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top