ព័ត៌មានអន្តរជាតិ

អាមេរិក ផ្តល់ការគំាទ្រ ដែនអាកាស បន្ថែមដល់កងទ័ព អាហ្វហ្គានីស្ថាន ស្របពេលពួកតាលីបង់ ធ្វើការវាយលុក

បរទេស ៖ ទីបញ្ជាការជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថា សហរដ្ឋអាមេរិក នឹងនៅតែបន្តធ្វើការ វាយឆ្មក់តាមអាកាស ក្នុងដំណើរគាំទ្រ ដល់កងកម្លាំង អាហ្វហ្គានីស្ថាន ស្របពេលមានការ កើនឡើងក្នុងការវាយប្រហារ ពីពួកតាលីបង់ នៅមុនការដកទ័ពអាមេរិក និងកងទ័ពអន្តរជាតិចេញពីអាហ្វហ្គានីស្ថាន ទាំងស្រុង ។

ក្នុងពេលប៉ុន្មាន សប្ដាហ៍ថ្មីៗនេះ តាមសេចក្តីរាយការណ៍ ពួកតាលីបង់បាន ឈ្នះលើសមរភូមិជាបន្តបន្ទាប់ ស្របពេល ដែលកងកម្លាំង បរទេសដឹកនាំ ដោយអាមេរិក ជិតដកចេញ អស់ទាំងស្រុង ក្រោយធ្វើប្រតិបត្តិការ យោធារយៈពេល២០ឆ្នាំ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ។

នៅក្នុងអំឡុងសន្និសីទ កាសែតមួយ ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ ឧត្តមសេនីយ៍កងកម្លាំងម៉ារីនអាមេរិក លោក Kenneth McKenzie បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិក បានបង្កើនការវាយប្រហារតាមអាកាស គាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថាន កាលពីប៉ុន្មានថ្ងៃកន្លងទៅ ហើយយើងបានត្រៀម ខ្លួនបន្តការ គាំទ្រលំដាប់ខ្ពស់នេះ ក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀត ប្រសិនបើពួកតាលីបង់ នៅតែបន្តធ្វើការវាយប្រហារទៀត” ។

គួរបញ្ជាក់ថា កាលពីមុន ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើការប្តេជ្ញាថា កងទ័ពអាមេរិកទាំងអស់ នឹងត្រូវដកចេញពីប្រទេស អាហ្វហ្គានីស្ថាន នៅត្រឹម ថ្ងៃទី១១ ខែកញ្ញា ដែលជាថ្ងៃគម្រប់២០ឆ្នាំនៃការវាយប្រហារថ្ងៃទី១១ខែកញ្ញា ប៉ុន្តែក្រោយមក បានប្តូរមកដល់ឲ្យអស់ នៅចុងខែសីហាវិញ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top